សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពាក់ព័ន្ធវិវាទរវាងលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

លោកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះ បានចោទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បង្កការលំបាក​ដល់ខ្លួន ក្នុងការរៀបចំបង្ហាញឈុតសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។

ប្រតិកម្មនេះ ក៏ត្រូវបានមន្ត្រីក្រសួងវប្បធម៌បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។ ក្រសួងបានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួល។

ក្នុងសារសំឡេងសម្តេចតេជោ ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃនេះ បានគាំទ្រចំណាត់ការរបស់ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើទម្រង់សម្លៀកបំពាក់នោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ​ នៅពេលយកទៅស្លៀកបង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ។ អ៊ីចឹងទេម្ខាងធ្វើឱ្យខូចនូវច្បាប់ដើមរបស់យើង ឯម្ខាងទៀតអាចនឹងប្រទេសជិតខាងរបស់យើងចោទប្រកាន់ថាយើងបានលួចចម្លងពីប្រទេសរបស់គេ។ នេះជារឿងដែលខ្ញុំព្រះករុណា ខ្ញុំត្រូវតែពន្យល់លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់ថា ក្រសួងវប្បធម៌ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា «បើក្រសួងបណ្តែតបណ្តោយឱ្យមានការតាំងខុសពីរូបភាពដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផង និងទទួលខុសត្រូវចំពោះរដ្ឋសភាផង។ សូមកុំភ្លេចថា ច្បាប់របស់យើងរដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខសភាជាតិ»

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលោកស្រី ទ្រី ដាណា ទទួលយកការណែនាំ និងកែតម្រូវទៅតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងករណីទទួលយកមិនបានទេ គឺមិនអនុញ្ញាតឱ្យមានការតាំងនោះដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការតាំងជាការល្អ ដើម្បីផ្សព្វផ្សាយនូវប្បធម៌ ប៉ុន្តែបើការតាំងណាមួយខុសនឹងទម្រង់សិល្បៈខ្មែរ គឺវាស្មើនឹងបំផ្លាញនូវវប្បធម៌របស់ខ្មែរទៅវិញ។ ដូច្នេះមិនតាំង ល្អជាងតាំង។ អ៊ីចឹងសូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានម៉ត់ចត់ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «យើងមិនអាចខ្ជីខ្ជាបានទេ។ គ្រោះថ្នាក់ណាស់ នៅពេលជាតិសាសន៍របស់យើងមានអ្វីដែលជាចំណាំច្បាស់លាស់ ហើយបែរជាធ្វើឱ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ទេនោះ វាអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្លួនឯង ហើយវាក៏អាចប៉ះពាល់ដល់ប្រទេសដទៃ ដែលគេអាចចោទថាយើងលួចបន្លំរបស់គេ»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការប្រតិកម្មរបស់សម្តេចពាក់ព័ន្ធ ការស្លៀកពាក់ក្នុងភាពយន្តខ្មែរមួយកាលពីពេលកន្លងទៅផងដែរ។ សម្តេចតេជោ បានលើកឡើងថា តាមរយៈប្រតិកម្មទាំងនេះ គេអាចមើលឃើញពីការដឹកនាំរបស់សម្តេច គឺមិនធ្វេសប្រហែសធ្វើឱ្យបាត់បង់នូវប្រពៃណី និងច្បាប់ដើមនៃវប្បធម៌ជាតិសាសន៍របស់ខ្មែរនោះឡើយ៕