(ភ្នំពេញ)៖ ចុងប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២៨៩,២០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៣៨,១៩១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,០១៧នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៩,៩៤៩នាក់
* ខេត្តសៀមរាប ៤០,១២០នាក់
* រាជធានីភ្នំពេញ ៣៩,១៤៣នាក់
* ខេត្តកំពត ២៦,២៦២នាក់
* ខេត្តបាត់ដំបង ២០,៩២០នាក់
* ខេត្តកំពង់ចាម ១៤,៣៦៤នាក់
* ខេត្តពោធិ៍សាត់ ១០,៨៥២នាក់។
លោករដ្ឋមន្ត្រីកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកសម្រាប់សប្តាហ៍ដំបូងនៃខែមីនានេះ បន្តស្ថិតក្នុងរង្វង់ជិត ៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។
លោកបានបន្តថា គោលដៅទេសចរណ៍សំខាន់ដូចជាខេត្តសៀមរាប កំណើនភ្ញៀវទេសចរក្នុងស្រុក និងលំហូរចូលជាបន្តបន្ទាប់នៃចរន្តភ្ញៀវទេសចរអន្តរជាតិបាននិងកំពុងចូលរួមធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គម ពិសេសមូលដ្ឋានអាជីវម្មទេសចរណ៍មានសកម្មភាពច្រើនជាងមុន។
កាលពីយប់ថ្ងៃទី៣ ខែមីនានេះ ជើងហោះហើរឡើងវិញលើកទី១ ពីសៀងហៃ-សៀមរាបក៏បានចាប់ផ្តើមដែលមានទេសចរចិន១២០នាក់។
ដោយឡែក ក្រុមការងារក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងគណៈកម្មការអន្តរក្រសួងបាននិងកំពុងដុតដៃដុតជើងក្នុងការរៀបចំពិធីបុណ្យទន្លេ ដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣នេះ បាននិងកំពុងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកជាបណ្តើរៗផងដែរ៕