វត្តឯកមន្ត្រីសិរីមង្គល (ហៅវត្តចំការចេក) ត្រូវបានសម្ពោធកាត់ខ្សែបូដាក់ឲ្យជាផ្លូវ ការ ក្នុងឱកាសថ្ងៃបញ្ចប់នៃពិធីបុណ្យបញ្ចុះខណ្ទសីមា! នៅស្រុកថ្មបាំង


កោះកុង÷ ពិធីបុណ្យបញ្ចុះខណ្ទសីមា វត្តឯកមន្ត្រីសិរីមង្គល(ហៅវត្តចំការចេក) បន្ទាប់ពីកសាងសមិទ្ធផលនានាមួយចំនួន និងសាងសង់ព្រះវិហាររួចត្រូវបានសម្ពោធកាត់ឬសសីមា និងខ្សែបូសម្ពោធដាក់ឲ្យជាផ្លូវការ និងពិធីសំណេះសំណាល ក្រោមអធិបតី លោក ស្រេង ហុង អភិ បាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើស្រុកថ្មបាំង នាព្រឹកថ្ងៃទី ០៦ ខែមិនា ឆ្នាំ ២០២៣។ ដែលមានការចូលរួមពី លោកគង់ មនោ ស្នង ការខេត្តកោះកុង លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្ត លោក នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក អ៊ូ ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងលោក លោកស្រី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ និងសិក្សានុសិស្សជាច្រើនកុះករ ។
ក្លែងក្នុងឱកាសនោះ លោកស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងថា ដោយអនុវត្តស្របតាមគោលនយោបាយភូមិ. ឃុំ.សង្កាត់.មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល ដោយមានសម្ដេចពិជ័យសេនា ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកោះកុង តែងតែយកចិត្តទុកដាក់តម្រង់ទិស និងផ្ដល់ជាអនុសាសន៍ ណែនាំល្អៗ ព្រមទាំងមានកិច្ចសហការជាមួយគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត គណបញ្ជាការឯកភាពរដ្ឋបាលក្រុង.ស្រុក និងរដ្ឋបាលឃុំ. សង្កាត់.បានធ្វើឲ្យការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានសហការគ្នាដើម្បីគ្រប់គ្រងសភាពការណ៍ និងបានការពារសន្តិសុខស្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លះទៅ ដែលបានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃជាទូទៅថា ដំណើរ ការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិ ធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស និងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះ ឆ្នោត ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ.ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខ សប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមម្លប់នៃសន្តិភាពនេះហើយ បានធ្វើឲ្យខេត្តកោះកុងមានឱកាសអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគគួរឲ្យកត់សម្គាល់ ។ ផ្អែកលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជ រដ្ឋាភិបាល បានផ្ដល់តម្លៃខ្ពស់លើការអភិ វឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមាន ការគោរពផ្នែកខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងគាំទ្រប្រណិប័តន៍សាសនាដទៃទៀត ដើម្បីសាមគ្គីភាពនិងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលអបរំ ប្រជាពលរដ្ឋទូទៅ ឱ្យមានស្មារតីនិងទឹកចិត្តប្រកប ដោយធម៌ មិនមានអំពើហិង្សា និងរើស អើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់ អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម និងជំរុញឲ្យមានសកម្មភាពចូលរួមអភិរក្ស និងអភិវឌ្ឍន៍ សង្គមជាតិលើគ្រប់វិស័យ។
លោកអភិបាលរង លើកឡើងបន្ថែមថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានវត្តចំនួន ៥៤ វត្ត ក្នុងនោះវត្តគណ:មហានិកាយមានចំនួន ៤៧ វត្ត គណៈធម្មកិត្តិកនិកាយមានចំនួន ៧ វត្ត ដឹងព្រះសង្ឃសរុបចំនួន ៤៥៨ ព្រះអង្គ ហើយគណៈមហានិកាយមានចំនួន ៣៨៨ ព្រះអង្គ គណៈធម្ម យុត្តិកនិកាយ មានចំនួន ៧០ ព្រះអង្គ ដែលបាននិងកំពុងប្រតិបត្តិសិក្សាទាំងផ្នែកគន្ធធុរ: និងវិបស្សនាធុរៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ អប់រំសតិស្មារតីផ្លូវចិត្ត ដល់ពុទ្ធបរិស័ទ ក៏ដូចជាការលើក ស្ទួយដល់ការអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា វត្តឯកមន្ត្រីសេរីមង្គលនេះ ជាវត្តវ័យចំណាស់មួយដែលមានក្បាលដីលេខ ១៤៤=១៣៧២ ម ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង នេះបើតាមឲ្យដឹងពីលោកដួង សៅវណ្ណះ ជាអាចារ្យនៅវត្តនេះ។ លោកថា បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ១៤ អង្គ អាចារ្យបីរូប និងមានគណៈកម្មាធិការគ្រប់គ្រងវត្តចំនួន ៧ រូប និងយាយជី១រូប តាជី៣រូប។វត្តឯកមន្ត្រីសេរីមង្គល(ហៅវត្តចំការចេក) ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូត មកដល់ ១៩៩៧ ទើបឃើញបងប្អូនប្រជា ពលរដ្ឋចាប់ផ្ដើមកាប់ឆ្កា លុះដល់ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៩៨ មានព្រះសង្ឃតែ៣អង្គប៉ុណ្ណោះ មានកុដិ១ធ្វើពីឈើ ប្រក់ស័ង្កសី មានទទឹង ៥ម×6 ម ក្រាលក្តារ កម្ពស់១.៥ម ។ បន្ទាប់មកមានកុដិធ្វើអំពីឈើមូល ប្រក់ស្បូវ បាំងឫស្សី សាងសង់ក្នុងឆ្នាំ ១៩៩៩ មានទទឹង ៦ម×៧ម លុះដល់ឆ្នាំ ២០០១ ធ្វើបានវិហារ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ទទឹង ៧ម×១២ម ។
មកដល់ឆ្នាំ ២០០៣ សាងសង់បានសាលាឆាន់១ ទទឹង ១៨ម× ២៥ម ដំបូលហ្វីប្រូ ។ មកដល់ឆ្នាំ ២០០៧ សាងសង់បានកុដិ ១ ទទឹង ១៥ម×១៦ម ធ្វើពីឈើប្រក់ហ្រី្វប្រូ ។ វត្តឯកមន្ត្រីសេរី មង្គលនេះ បានសាងសង់ជាបន្តបន្ទាប់។
លោកបន្តថា ដំណើរការនៃការសាងសង់ព្រះវិហារ នៅឆ្នាំ ២០១៣ ឯកឧត្តម អាយខន សមាជិកព្រឹទ្ធសភាកម្ពុជា បានផ្ដួច ផ្ដើមធ្វើកឋិនទានចូលវត្តចំការចេកនេះ និងមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយបានបច្ច័យចំនួន ៤ ម៉ឺនដុល្លារ ហើយបានសាងសង់បានវិហារ១ និងឃឿនទទឹង ១៧ម×២១ម កម្ពស់ ១ម តួព្រះវិហារ ទទឹង ៧.៥ម×៩.៥ម កម្ពស់៧ម។ លុះដល់ឆ្នាំ ២០២២ កំឡុងខែតុលាសាងសង់បានកុដិ ដែលមានទទឹង ៧.៥ ម×១៨ម ធ្វើអំពីថ្ម ប្រក់ក្បឿងជ័រ ចែកជា៦ បន្ទប់។ នៅឆ្នាំ ២០២៣ នេះ បានសាង សង់រោងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមាន៤.៥ម×៧ម។ វត្តនេះ បន្ទាប់ពីសាងសង់ព្រះវិហារ និងកសាងសមិទ្ធផលនានាមួយចំនួនរួច ត្រូវបានសម្ពោធដាក់ឲ្យជាផ្លូវការ។
ក្នុងឱកាសពិធីសំណេះសំណាលគណៈអធិបតី បានជូនបច្ច័យដល់ តាជី យាយជី ចំនួន ១២ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៥ នាក់ និងសិក្សានុសិស្សចំនួន ៣០ នាក់ ទទួលបានកូតាបស្ពាយសម្រាប់ដាក់សម្ភារៈសិក្សារបស់សិក្សម្នាក់០១ផងដែរ៕ ដោយ ញុឹប សន