៩ឆ្នាំក្រោយមក ក្រុមគ្រួសារជនរងគ្រោះ ជំរុញឲ្យស្វែងរកជាថ្មីទៀតនូវយន្តហោះម៉ាឡេស៉ី MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង

(គូឡាឡាំពួរ)៖ ក្រុមគ្រួសារនៃអ្នករងគ្រោះនៅលើយន្តហោះម៉ាឡេស៉ី ជើងហោះហើរ MH370 ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី ៩ឆ្នាំមុន បានអំពាវនាវជាថ្មីម្តងទៀតដល់រដ្ឋាភិបាលម៉ាឡេស៉ី ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនរុករកក្រោមបាតសមុទ្ររបស់សហរដ្ឋអាមេរិក Ocean Infinity ចាប់ផ្តើមប្រតិបត្តិការស្វែងរកយន្តហោះនោះជាថ្មី។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
ជោគវាសនានៃជើងហោះហើរ MH370 បានក្លាយជារឿងដ៏អាថ៌កំបាំងបំផុតមួយផ្នែកអាកាសចរណ៍របស់ពិភពលោក ក្រោយពីបាត់ខ្លួនក្នុងពេលហោះហើរចេញពីទីក្រុងគូឡាឡាំពួរ (Kuala Lumpur) ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ Voice370 តំណាងឲ្យក្រុមគ្រួសារសាច់ញាតិរបស់អ្នកជិះលើយន្តហោះ បាននិយាយថា ក្រុមហ៊ុន Ocean Infinity រំពឹងថានឹងចាប់ផ្តើមការស្វែងរកថ្មីមួយនៅដើមរដូវក្តៅនេះ។ ដូចនេះពួកគេជំរុញឲ្យរដ្ឋាភិបាលម៉ាឡេស៉ី ទទួលយកសំណើរបស់ក្រុមហ៊ុនលើតម្លៃសេវាកម្ម ប្រសិនបើប្រតិបត្តិការទទួលបានជោគជ័យ។
ជុំវិញការអំពាវនាវនេះ ក្រុមហ៊ុន Ocean Infinity និងក្រសួងដឹកជញ្ជូនម៉ាឡេស៉ីមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែនៅក្នុងសារមួយផ្ញើទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ក្នុងពេលរំលឹកដល់ហេតុការណ៍នេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក អាន់ថូនី ឡូក (Anthony Loke) បានប្តេជ្ញាថានឹងមិនបិទបញ្ចប់បញ្ហានេះទេ ហើយការពិចារណាស្វែងរកនាពេលអនាគតនឹងត្រូវធ្វើឡើង ប្រសិនបើមាន «ព័ត៌មានថ្មីនិងគួរឲ្យទុកចិត្ត» អំពីយន្តហោះ ឬទីតាំងនៃការធ្លាក់។