ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី បង្ហោះរូបភាពនៃក្រុមរបស់ខ្លួនចូលដល់ក្នុងទីក្រុង Bakhmut របស់អ៊ុយក្រែន


 (កៀវ)៖  យោងតាមការដកផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញរូបភាពវីដេអូមួយ ដែលបង្ហាញពីក្រុមរបស់ខ្លួនកំពុងស្ថិតនៅ ក្នុងទីក្រុងបាកមូត (Bakhmut) ជាទីក្រុងតូចមួយរបស់អ៊ុយក្រែន ដែលក្រុម Wagner វាយប្រយុទ្ធ ដើម្បីដណ្តើមគ្រប់គ្រងអស់រយៈពេលជាច្រើនខែមក។

រូបភាពដែលបានមកពីវីដេអូនោះ បង្ហាញឲ្យឃើញបុរសស្លៀកឯកសណ្ឋានមួយក្រុម មានលើក ស្លាកសញ្ញា Wagner ពីលើអគារច្រើនជាន់ដែលបានបាក់បែកពាក់កណ្តាល។ បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះ បានរាំ និងកាន់ហ្គីតា ថែមទៀតផង។ Reuters កំណត់បាន ទីតាំងភូមិសាស្ត្រនៃវីដេអូនោះថា ស្ថិតនៅឯភាគខាងកើត ចម្ងាយប្រហែល២គីឡូម៉ែត្រពីចំណុច កណ្តាលនៃទីក្រុងបាកមូត។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់កាលបរិច្ឆេទ ដែលត្រូវបាន ថតនោះទេ។

ដោយដកស្រង់ចេញពីសារនៅលើ Telegram អង្គភាពព័ត៌មានរបស់លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានសរសេរថា «នៅព្រឹកនេះ យុទ្ធជនក្មេងៗរបស់យើង បានថតវីដេអូពីទិដ្ឋភាពនៅបាកមូត ជាពិសេសនៅចំ កណ្តាលទីក្រុងតែម្តង»។

គួរបញ្ជាក់ថា ក្រុមទាហានស៉ីឈ្នួល Wagner បានដឹកនាំការវាយលុករបស់រុស្ស៊ីលើទីក្រុងបាកមូត ដែលមានប្រជាជនរស់នៅមុនសង្គ្រាមចំនួន ៧៥,០០០នាក់ ដោយមានភាពជឿនលឿនទៅមុខ ជាលំដាប់ និងកាន់តែកើនឡើងនៅជុំវិញជាយក្រុងក្នុងនារយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបង្កគ្រោះ ថ្នាក់ដល់ខ្សែការពាររបស់អ៊ុយក្រែន៕