(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានដាក់ទណ្ឌកម្មជុំថ្មី មួយ ដោយមានគោលដៅលើវិស័យប្រេង និងឧស្សាហកម្មគីមីឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់ ខណៈ ទំនាក់ទំនងការទូតរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅតែបន្តជាប់គាំង។
ទណ្ឌកម្មថ្មីៗខាងលើ ត្រូវបានប្រកាសឡើង តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បាន និងកំពុងធ្វើការជាមួយគ្នាជុំវិញកិច្ចព្រម ព្រៀងដោះដូរ អ្នកទោស។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានគូស បញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការនាំចេញថាមពលរបស់អ៉ីរ៉ង់ ហើយនឹងដាក់ទណ្ឌកម្ម លើអ្នកដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មប្រេងឥន្ធនៈ និងឧស្សហ កម្មគីមីឥន្ធនៈរបស់អ៉ីរ៉ង់»។
ទណ្ឌកម្មថ្មីនេះត្រូវបានអនុវត្តលើក្រុមហ៊ុនមួយមានមូលដ្ឋាននៅវៀតណាម ក្រុមហ៊ុនចំនួន២ នៅ ប្រទេសចិន ២នៅក្នុងប្រទេសអ៉ីរ៉ង់ និងមួយផ្សេងទៀតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយចោទ ប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន ឬលក់ប្រេង និងផលិតផលគីមី ឥន្ធនៈរបស់អ៉ីរ៉ង់។ នៅក្រោមទណ្ឌកម្មនេះដែរ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះដែលតម្កល់នៅ សហរដ្ឋអាមេរិក នឹងត្រូវ បានបង្កក ហើយហាមឃាត់ក្រុមហ៊ុនដទៃមិនអាចរកស៊ីជាមួយក្រុមហ៊ុន ទាំងនោះ។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានជាប់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ មក ជាពេលដែលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ ដើម្បីដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់៕