អាស៊ាន ត្រូវតែមានជំហរតឹងរ៉ឹង ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា, នេះបើតាមនាយករដ្ឋមន្ត្រី ម៉ាឡេស៉ី


 (ម៉ានីល)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយកំលុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ត្រូវតែ មានជំហរតឹងរ៉ឹង នៅក្នុងការជួយដោះស្រាយវិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែល កំពុងមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈបណ្ដាប្រទេសលោកខាងលិចកំពុងផ្តោតលើសង្រ្គាម នៅ អ៊ុយក្រែន។

ការកត់សម្គាល់ខាងលើរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ហ្វីលីពីន ANC ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃសុក្រនេះ។ លោក អាន់វ៉ា បានគូសបញ្ជាក់ ដូច្នេះថា «យើងមិន អាចចាត់ទុករឿងនេះគឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធនោះទេ ដូច្នេះខ្ញុំអំពាវនាវឱ្យ ប្រទេសជាមិត្តនៅក្នុងអាស៊ានប្រកាន់ជំហរតឹងរ៉ឹង…ហើយប្រសិនបើចាំបាច់ ត្រូវតែដោះស្រាយជាមួយ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសនេះ (មីយ៉ាន់ម៉ា) ពីព្រោះថាមានពេលខ្លះ របបយោធាមិនដែលស្ដាប់ ការទទូចពីប្រជាជនស៊ីវិលនោះទេ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីយោធាធ្វើរដ្ឋ ប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។ ក្រុមអង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិ បានចោទប្រកាន់ថារបបយោធាមីយ៉ាន់ម៉ាសព្វថ្ងៃ បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងការបង្រ្កាបក្រុម អ្នកប្រឆាំង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ខាងរបបសឹកនេះក៏បានប្រកាសចាត់ទុកវិញដែរថាក្រុមអ្នក ប្រឆាំងគឺជាក្រុមភេរវករ មានបំណងបំផ្លិចបំផ្លាញប្រទេស៕