(ម៉ានីល)៖ តាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិហ្វលីពីន លោក កាលីតូ ហ្កាល់វែស (Carlito Galvez) បាននិយាយថាការសម្រេចចិត្តដោយហ្វីលីពីន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់ មូលដ្ឋានទ័ពរបស់ខ្លួន បន្ថែម មិនមែនសម្រាប់ការចូលរួមក្នុងសង្រ្គាម ឬការឈ្លានពានណាមួយ នោះទេ ប៉ុន្តែគឺដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯងប្រឆាំងនឹងការគំរាមកំហែងតែប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក កាលីតូ ហ្កាល់វែស បានគូស បញ្ជាក់ដូច្នេះថា «ស្ថានភាពភូមិសាស្ត្រនយោបាយក្នុងពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ បំផុត… យើង មិនមែនកំពុងត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនោះទេ តែយើងមានគោលដៅ អភិវឌ្ឍសមត្ថភាពយោធារបស់យើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាយថាហេតុណាមួយមកលើ សន្តិសុខរបស់យើង»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក កាលីតូ ហ្កាល់វែស កើតមានឡើង ក្រោយព្រឹទ្ធសភាមួយ ចំនួននៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញការព្រួយបារម្ភ និងការប្រឆាំងជំទាស់ទៅនឹងការសម្រេច ចិត្តរបស់ លោកប្រធានាធិបតី Ferdinand Marcos Jr ដែលសម្រេចអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនចំនួន៤បន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនមូលដ្ឋានទ័ពដែលអាមេរិក អាចប្រើបានកើនដល់ ៩។ ការសម្រេចចិត្តនេះទៀតសោតធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធាឆ្នាំ២០១៤ ឬហៅកាត់ថា EDCA៕