(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងកម្ពុជា ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអង្គការដៃគូ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និ សីទសារព័ត៌មានមួយដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្តចំនួន៦ នៃតំបន់ជួរភ្នំក្រវាញ។
សន្និសីទសារព័ត៌មាននេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន, តំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធ សត្វព្រៃ (Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI), អង្គការ ACCB, គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP នៅទីស្តីការក្រសួងបរិស្ថាន។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅ ថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំគឺ៖ ខេត្តកំពង់ស្ពឺ ខេត្ត ពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានគោលដៅ សំខាន់ៗចំនួន៤រួមមានទី១៖ ពាក់ព័ន្អនឹការពង្រឹង និងការគាំទ្រប្រមូលធនធាន ដើម្បីពង្រឹងការ ការពារ និងអភិរក្សធនធានធម្មជាតិ, ទី២៖ ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ហើយ ជាពិសេសសាច់ព្រៃអាចនឹងបង្កមហន្តរាយ និងឆ្លងជំងឺផ្សេងៗ, ទី៣៖ ការពង្រឹងលើកការងារអនុវត្ត ច្បាប់ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅដើម្បីកាត់បន្ថយចំនួនអន្ទាក់ នៅតំបន់ការពារ ធនធានធម្មជាតិ និងទី៤៖ ការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋ សាធារណៈជន ជាពិសេស អ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ច្រឡំថាសាច់ព្រៃ គឺជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ដើម្បីឱ្យពួកគាត់លះបង់នូវការយល់ច្រឡំបែបនេះ ហើយងាកមកចូល រួមការពារ និងអភិរក្ស។
តាមរយៈការអនុវត្តយុទ្ធនាការនេះភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយ ឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះកត្តាប្រឈម និងការគំរាមកំហែងនានា ចំពោះសត្វព្រៃ និងធនធានធម្មជាតិដែលកំពុងកើតមាន សំដៅសម្រេចបាននូវគោលបំណងរួមតែ មួយគឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការ ជួញដូរសត្វព្រៃដែលត្រូវបានហាមឃាត់ដោយច្បាប់។
«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានអនុវត្តយ៉ាងជាប់លាប់ជាមួយនឹងការរៀបចំសកម្មភាព និងប្រើប្រាស់មធ្យោបាយឃោសនាចម្រុះដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ និងសាធារណៈជនទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរ និងជុំវិញតំបន់ការពារធម្មជាតិ ឱ្យយល់ដឹងអំពីផលវិបាកដែលបង្កឡើងដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃទាំងចំពោះ មនុស្ស និងធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា។
យុទ្ធនាការនេះក៏បានបញ្ជៀបការយល់ដឹងជាសាធារណៈ ជាពិសេសបានផ្សព្វផ្សាយដល់អ្នកនិយម បរិភោគសាច់សត្វព្រៃ និងអ្នកជួញដូរសត្វព្រៃទាំងអស់ឱ្យដឹងពីហានិភ័យចំពោះសុខភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈដែលអាចកើតឡើងបណ្តាលមកពីការបរិភោគ និងការជួញដូរសត្វព្រៃ ទាំងនោះ ដើម្បីជំំរុញការផ្លាស់ប្តូរឥរិយាបថ និងលើកទឹកចិត្តឱ្យចូលរួមក្នុងការអភិរក្សសត្វព្រៃ និង ថែរក្សាធនធានធម្មជាតិកម្ពុជា។
ភាពជោគជ័យនៃយុទ្ធនាការក្នុងដំណាក់កាលទី១ កន្លងទៅនេះ ជាការបោះជំហ៊ានលើមាគ៌ាដ៏ត្រឹម ត្រូវមួយ ស្របទៅនឹងផែនការយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ការពារ និងស្តារតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីបម្រើប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ ក៏ដូចជាការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានជីវភាពប្រសើរឡើង ជាពិសេសតាម រយៈសកម្មភាពអេកូទេសចរណ៍ និងជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ក្រៅពីការពឹង អាស្រ័យលើអនុផលព្រៃឈើ ដោយរក្សាបាននូវលំនឹងបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕