(បាសេឡូណា)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចាប់ពីថ្ងៃ ទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម សមាជ ទូរសព្ទ ចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណា ប្រទេសអេ ស៉្បាញ។
នៅក្នុងកម្មវិធីខាងលើនេះ មានការអញ្ជើញពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមក ពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងប្រាំបីម៉ឺននាក់។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមពិភាក្សា អំពីវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាក់ព័ន្ធទៅនឹងវិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុង Metaverse, ការពង្រីកបណ្ដាញ 5G, និង បរិយាប័ន្នឌីជីថលជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យា ទូរគមនាគមន៍ ឧបករណ៍ប្រើប្រាស់បច្ចេកឌីជីថលថ្មីៗ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុម ហ៊ុនធំៗ ដើម្បីស្វែងយល់អំពីផលិតផល និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នាពេលអនាគតសម្រាប់កម្ពុជាផងដែរ៕