(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេង បុរាណ សម័យគ្រប់ទម្រង់សរុបប្រមាណជា ៤ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរ ជាតិកោះពេជ្រ។
ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសិល្បៈត្រូវបានខកខានអស់រយៈពេលប្រមាណជា៣ឆ្នាំមកហើយ ដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩។ ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ ធ្វើឡើងមិនត្រឹមតែជាការពង្រឹង សាមគ្គីភាពរវាងអ្នកសិល្បៈខ្មែរនោះទេ តែក៏ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាផងដែរ។
ការជួបជុំនេះ គឺជាឱកាសមួយ ដើម្បីឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ក៏ដូច ជាដំបូន្មានផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌របស់ខ្មែរ ដែលមានតម្លៃដ៏វិសេសវិសាល នោះ។
«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» នេះជាពាក្យទូន្មានរបស់ដូនតាខ្មែរ ឱ្យកូនខ្មែរគ្រប់ជំនាន់ចងចាំពីគុណតម្លៃនៃវប្បធម៌របស់ខ្មែរ។ ដោយមើលពីសារៈសំខាន់នៃវប្បធម៌ នេះហើយ ទើបឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតទិវាវប្បធម៌ជាតិ ហើយកំណត់ យកថ្ងៃទី០៣ ខែមីនា រៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ»។ ឆ្នាំ២០២៣នេះ គឺជាការប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី២៥ហើយ។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹក ដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរ បែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតី ស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោម ប្រជាជនខ្មែរគ្រប់រូបក្នុងគោល បំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយ ជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួង ព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេស មួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀប ចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ ជាតិ»។
ការប្រារព្ធ «ទិវាវប្បធម៌ជាតិ» ជាមួយប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នេះ ក្នុងគោលបំណង ជំរុញឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ដែលជាអ្នកបន្តវេន បានចូលរួមស កម្មភាពអភិរក្សលើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ដូចជា៖
* ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្ប ធម៌ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និង ពណ៌សម្បុរ
* លើកកម្ពស់មនសិកា និងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេក ទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់ សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិត ស្ថេរគង់វង្ស
* បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជា ប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការ បង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោល ដៅពាណិជ្ជកម្ម និងទេសចរណ៍
* ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់ តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយ ការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។
សូមបញ្ជាក់ថា ក្នុងទិវាវប្បធម៌ជាតិ៣មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារាចរមួយស្តីពីការរៀបចំទិវានេះផងដែរ។
ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នេះ អាចប្រព្រឹត្តទៅដោយរលូន សម្តេចតេជោ បានណែនាំចំនួន១១ចំណុចដូចខាងក្រោម៖
១៖ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ គឺត្រូវបានកំណត់យករយៈពេល ២សប្ដាហ៍ (១សប្ដាហ៍មុន និង១សប្តាហ៍ក្រោយ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣)។ ដូច្នេះក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងអំឡុងពេលដែលបានកំណត់នេះ។
២៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនាផ្សព្វ ផ្សាយសម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិ ព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក និងគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀប ចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធី ផ្សេងៗទៀត ដើម្បីប្រា រព្ធទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈក៏ត្រូវសហការជាមួយបណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី អង្គការសមាគម សហគមន៍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្ប ធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងអំឡុងពេលនេះផងដែរ។
៣៖ ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំ ទូលាយនៅតាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជន រួមមាន៖ វិទ្យុទូរទស្សន៍ កាសែត ទស្សនាវដ្តី និងឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជនបានយល់ដឹង ព្រមទាំងចូលរួមឱ្យកាន់តែសកម្ម ឡើងនៅក្នុងការថែរក្សានិងលើកស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និងសុខដុមនីយកម្មសង្គម ដោយមិនមានការរើសអើងផ្នែកនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។
៤៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្ប ធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្សនិស្សិត នៅគ្រប់គ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន។
៥៖ ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។
៦៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថាន អគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ទាំង នៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗដែលមាន។
៧៖ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិក ឱ្យ រៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា នៅតាមទី អារាមវិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។
៨៖ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឱ្យមានប្រសិទ្ធ ភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។
៩៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអាច រៀបចំកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយផ្សេងៗ នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំ មហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការ បិទគំនូរផ្សាយវប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី-ខេត្តរបស់ខ្លួន។
១០៖ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលដែនដី សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហ គមន៍ខ្មែរនៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ ៣មីនា តាមមធ្យោបាយផ្សេងៗ ដែលមានដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬ សកម្មភាពសមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។
១១៖ អ្នកចូលរួមកម្មវិធី និងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ៕