លោក គីម ជុងអ៊ុន លើកឡើងថា «កូរ៉េខាងជើង ត្រូវតែសម្រេចគោលដៅបង្កើនផលិតភាពកសិកម្ម ដោយគ្មានការបរាជ័យ»


 (ព្យុងយ៉ាង)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃ ព្រហស្បតិ៍នេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានជំរុញដល់មន្ត្រីរដ្ឋាភិបាលធ្វើឲ្យប្រាកដថានឹង សម្រេចបាន នូវគោលដៅបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន «ដោយមិនបរាជ័យ» ចំពេល មានរបាយការណ៍ពីការខ្វះខាតស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង កាន់តែធ្ងន់ធ្ងរទៅៗ។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក គូ ប្យ៉ុងសុំា (Koo Byoung-sam) បាននិយាយកាលពី ខែកុម្ភៈកន្លងទៅនេះថា «យើងអាចវិនិច្ឆ័យពីការខ្វះខាតស្បៀងនៅទីនោះថា ជាបញ្ហាធ្ងន់ធ្ងរ។ ទីក្រុងព្យុងយ៉ាងហាក់ដូចជាបានស្នើសុំជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោកថែមទៀតផង»

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាច កាលពីថ្ងៃពុធសប្តាហ៍នេះ លោក គីម បានគូសបញ្ជាក់ថា «ដើម្បីសម្រេចឲ្យបានការបង្កើនទិន្នផលកសិកម្មទូទាំងប្រទេស គឺគួរតែយក ចិត្តទុកដាក់លើការជម្នះភាពយឺតយ៉ាវក្នុងការណែនាំអំពីបច្ចេកទេសកសិកម្ម ហើយសំខាន់ត្រូវផ្តោត លើការបង្កើនទិន្នផលក្នុងមួយហិកតានៅគ្រប់កសិដ្ឋានទាំងអស់»