(វ៉ាស៊ីនតោន)៖ សេវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ខណៈក្រុមមន្ត្រីអាមេរិកកំពុងស្វះស្វែងជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង មុននឹងលោក បៃដិន ត្រូវចប់អាណត្តិ នៅថ្ងៃទី២០ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេតវិមាន លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានពិភាក្សាពីកិច្ចប្រឹងប្រែងដែលកំពុងធ្វើឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែង ចំណាប់ខ្មាំងនៅសេសសល់។ សេតវិមានបន្ថែមថា លោក បៃដិន បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងសេសសល់ ជាមួយការ បង្កើនលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈការបញ្ឈប់ការវាយប្រយុទ្ធគ្នានៅក្រោមកិច្ចព្រមព្រៀងមួយ។ ដោយឡែក លោក ណេតាន់យ៉ាហ៊ូ បានធ្វើបច្ចុប្បន្នភាពអំពី ភាពរីកចម្រើននៅក្នុងកិច្ចចរចា និងអំពីសិទ្ធិអំណាចដែលលោកបានផ្ដល់ឱ្យគណៈប្រតិភូសន្តិសុខជាន់ខ្ពស់របស់លោក ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាគ្នាផងដែរពីការប្រែប្រួលស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមានបទឈប់បាញ់នៅលីបង់ ការដួលរលំនៃរបបលោក Assad នៅស៊ីរី រួមទាំងការធ្លាក់ចុះទន់ខ្សោយនៃអំណាចរបស់អ៉ីរ៉ង់ក្នុងតំបន់។
គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក Jake Sullivan បាននិយាយក្នុងកម្មវិធី State of the Union របស់ទូរទស្សន៍ CNN កាលពីអាទិត្យនោះដែរថាភាគីទាំងឡាយ កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយ តែនៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយ៕