លោក ហ្សេលេនស្គី ថាត្រៀមជាស្រេច ដើម្បីដោះដូរទាហានកូរ៉េខាងជើង ជាមួយទាហានអ៊ុយក្រែនកំពុងជាប់ឃុំនៅរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា បាននិយាយថាទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ ពួកគេវិញ គឺលោក គីម ជុងអ៊ុន ប្រសិនបើលោកអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែនដែលកំពុងជាប់ឃុំនៅរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង ២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយនេះជាលើកដំបូងបំផុតដែលអ៊ុយក្រែនចាប់បាន ទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជិត៣ឆ្នាំមកនេះ កាលពីពេលថ្មីៗនេះ។ អ៊ុយក្រែន និងលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់មួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើងនៅសមរភូមិនោះទេ។

ជាមួយគ្នានោះដែរ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X​ លោក ហ្សេលេនស្គី បានកត់សម្គាល់ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យលោក គីម ជុងអ៊ុនវិញ ប្រសិនបើមេដឹកនាំកូរ៉េខាងជើងរូបនេះអាចសម្រួលឱ្យមានការដោះដូរជាមួយទាហានអ៊ុយក្រែនដែលកំពុងជាប់ឃុំនៅរុស្ស៉ី។ លោក ហ្សេលេនស្គីបន្ថែមទៀតថាអាចនឹងមានកូរ៉េខាងជើងបន្ថែម ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងអ៊ុយក្រែន៕