(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកការគាំទ្រ និងធ្វើតេស្ដលើ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ចំពោះលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងចិន ក្នុងករណីទីក្រុង ប៉េកាំង បញ្ជូនជំនួយយោធាឱ្យរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក៤រូប និងប្រភពមួយចំនួនទៀតក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។ មន្ត្រីអាមេរិកទាំងនេះ បានប្រាប់ Reuters ទៀតថាការពិគ្រោះយោបល់ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ មាន គោលដៅប្រមូលការគាំទ្រពីបណ្ដាប្រទេសជាច្រើន ជាពិសេសគឺក្រុមប្រទេសមានសេដ្ឋកិច្ចជឿន លឿន ទាំង៧ ឬ G7 តែម្ដង សំដៅធ្វើការសម្របសម្រួលការគាំទ្រសម្រាប់ការដាក់ទណ្ឌកម្ម និងការ រឹតត្បិតទាំងឡាយ។ ក៏ប៉ុន្តែ មិនទាន់មានព័ត៌មានច្បាស់ការថាតើទណ្ឌកម្មបែបណាដែលសហរដ្ឋ អាមេរិក នឹងស្នើឡើងនោះទេ រីឯក្រសួងហិរញ្ញវត្ថុអាមេរិកដែលទទួលបន្ទុកក្នុងការអនុវត្តការដាក់ ទណ្ឌកម្ម ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានលើកឡើងជាបន្តបន្ទាប់ពីក្ដីកង្វល់ជុំវិញសេចក្ដីរាយការណ៍ថាដែលចិនកំពុងពិចារណាផ្ដល់អាវុធ ឱ្យរុស្ស៉ី។ ប៉ុន្តែ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ ខណៈទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់បានបង្ហាញភស្ដុតាងអ្វីនោះដែរលើបញ្ហានេះ៕