(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់មានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់ធ្វើការចរចាសន្តិភាពជាមួយរុស្ស៉ីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។
លោក Rutte បានប្រាប់សមាជិកសភាសហភាពអឺរ៉ុប (EU) យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា អ៊ុយក្រែនមិនអាចធ្វើបានទេ ពីព្រោះកិច្ចចរចាសន្តិភាពនេះ គឺចំពេលពួកគេមិនទាន់មានជំហររឹងមាំ។ យើងត្រូវធ្វើបន្ថែមទៀត ដើម្បីឱ្យប្រាកដថាជម្លោះ អាចបញ្ចប់ទៅបានយ៉ាងពិតប្រាកដ»។
លោក Rutte បញ្ជាក់ទៀតថា «យើងទាំងអស់គ្នាចង់ឱ្យសង្គ្រាមបិទបញ្ចប់ ប៉ុន្តែសំខាន់ជាងនេះទៀត គឺយើងចង់ឱ្យមានសន្តិភាពឋិតឋេរ។ សន្តិភាពនឹងមិនឋិតឋេរឡើយ ប្រសិនបើលោក ពូទីន នៅតែរកវិធីចូលមកកៀកអ៊ុយក្រែន ព្រោះគេជឿជាក់ថាលោកនឹងនៅតែចង់បន្តទៅមុខ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រមុខអង្គកាណាតូ បានធ្វើឡើងមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែង នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ជាមួយនិងការប្តេជ្ញាចិត្តបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យបានឆាប់រហ័ស។ ការប្តេជ្ញាចិត្តរបៀបនេះបង្កឱ្យមានការភ័យខ្លាចថា លោក ត្រាំ អាចកាត់បន្ថយការគាំទ្ររបស់វ៉ាស៉ីនតោនចំពោះទីក្រុងកៀវ រួចបង្ខំឱ្យអ៊ុយក្រែនធ្វើសម្បទាន៕