ប្រធានតុលាការអន្តរជាតិ ICJ ត្រូវបានតែងតាំងជា នាយករដ្ឋមន្រ្តីនៃប្រទេសលីបង់

(បេរូត)៖ កាលពីថ្ងៃចន្ទ ទី១៣​ ខែមករា ប្រធានាធិបតីនៃប្រទេសលីបង់ លោក Joseph Aoun បានប្រកាសអំពីសម្រេចតែងតាំង ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេនៃប្រទេសហូឡង់ គឺលោក Nawaf Salam ជានាយករដ្ឋមន្រ្តីលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីលោក Aoun ផ្ទាល់ ទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ក្រោយតំណែងនេះ នៅទំនេរអស់រយៈពេលប្រមាណ២ឆ្នាំ។ លោក Aoun បានពិគ្រោះយោបល់ជាមុន ជាមួយក្រុមសមាជិកសភាលីបង់ មុនប្រកាសពី​ការសម្រេចចិត្តតែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្រ្តី ហើយសមាជិកសភាភាគច្រើន បានបង្ហាញការគាំទ្រ។

គួរបញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក Aoun ជាប្រធានាធិបតីលីបង់ កាលពីសប្តាហ៍មុន គឺអាចកើតមានឡើងទៅបាន មួយផ្នែក ដោយសារតែការធ្លាក់ចុះទន់ខ្សោយ នៃក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ គឺក្រុមហេសបូឡា ក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ រយៈពេលប្រមាណជា២ឆ្នាំមកនេះ ប្រទេសលីបង់ ត្រូវបានដឹកនាំដោយ រដ្ឋាភិបាលបណ្តោះអាសន្ន ស្របពេលត្រូវប្រឈមវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕