នៅឯ UN អ៉ីស្រាអែលចោទហេសបូឡា ព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានការជួយពីអ៉ីរ៉ង់

(យូអិន)៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) លោក Danny Danon បាននិយាយថា ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់ ហើយក្រុមសកម្មប្រយុទ្ធមួយនេះ នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះអ៉ីស្រាអែល និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

តាមការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក កាលពីខែមុន ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ទំនងជាព្យាយាមកសាងឃ្លាំងស្តុក និងពង្រឹងកងកម្លាំងរបស់ខ្លួនឡើងវិញ ដែលអាចជាការគំរាមកំហែងរយៈពេលវែង ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

ក្នុងលិខិតមួយដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥រូប លោក Danon បញ្ជាក់ដូច្នេះថា «ទោះជាសមត្ថភាពយោធារបស់ហេសបូឡា ត្រូវបានកាត់បន្ថយខ្លាំងអំឡុងពេលនៃសង្រ្គាម តែឥឡូវពួកគេកំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ។ វាជាការចាំបាច់ ដែលរដ្ឋាភិបាលលីបង់ និងសហគមន៍អន្តរជាតិ ផ្តោតលើការទប់ស្កាត់ការរត់ពន្ធអាវុធ គ្រាប់រំសេវ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមព្រំដែនស៉ីរី-លីបង់ ក៏ដូចជាតាមផ្លូវអាកាស និងផ្លូវសមុទ្រ»។ ជុំវិញការលើកឡើងរបស់ លោក Danon បេសកកម្មរបស់ក្រុមហេសបូឡា និងអ៉ីរ៉ង់សម្រាប់ UN នៅមិនទាន់ឆ្លើយតបទេ តែប្រភព​ជាន់​ខ្ពស់​លីបង់​ដែល​ស្និទ្ធ​នឹង​ក្រុមហេសបូឡា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕