អ៉ីរ៉ង់ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជិតដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ, នេះបើតាម IAEA


 (វីយែន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ ២០២៣ បញ្ជាក់ថា ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍ នេះបានទទួលស្គាល់ថាអ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជិតដល់កម្រិតដែលអាចផលិត គ្រាប់បែកនុយក្លេអ៊ែរ នៅឯរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហ្វ័រដូវ (Fordow)។

នៅក្នុងរបាយការណ៍របស់ខ្លួន ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបញ្ជាក់ទៀតថា កំឡុងការធ្វើអធិការកិច្ចនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមមន្ត្រីជំនាញបានប្រមូល យកសំណាកមួយចំនួននៅឯរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហ្វ័រដូវ (Fordow) មកវិភាគ ហើយលទ្ធ ផលវិភាគបានបង្ហាញពីកម្រិតយ៉ាងខ្ពស់នូវភាគល្អិតនៃសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ រហូតដល់ទៅកម្រិត ៨៣.៧ភាគរយ ខណៈកម្រិត ៩០ភាគរយគឺគ្រប់គ្រាន់អាចនឹងផលិតបាន គ្រាប់បែកនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ កន្លងមកតែងតែចេញមុខច្រានចោលការអះអាងជុំវិញការបង្កើនការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយក៏បានបញ្ជាក់ដែរថាខ្លួនគ្មានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរ នោះទេ ខណៈអ៉ីស្រាអែលបានព្រមានថានឹងចាត់វិធានការចាំបាច់នានា ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិត បានអាវុធនុយក្លេអ៊ែរ ចំពោះមុខភាពជាប់គាំងនៃកិច្ចចរចារវាងអ៉ីរ៉ង់ និងមហាអំណាចលោកខាងលិច ជុំវិញការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ៕