ម្ចាស់ក្ងោកបង្ហាញអារម្មណ៍រីករាយ​ និងគោរពអរគុណសម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ ម្ចាស់ក្ងោកដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយ​សត្វក្ងោក​ ដែល​ខ្លួន​ចិញ្ចឹម ផ្ទាល់ដៃជិត១០ឆ្នាំមកហើយនោះ បានបង្ហាញអារម្មណ៍រីករាយ​គ្មាន​អ្វី​ប្រៀប​ផ្ទឹមបានឡើយ បន្ទាប់ ពីពួកគេទទួលបានសត្វក្ងោកត្រឡប់ទៅវិញ។

នៅចំពោះមុខកាមេរាអ្នកសារព័ត៌មានក្នុងពេលមន្ត្រីរដ្ឋបាលព្រៃឈើនាំសត្វទៅជូនវិញនោះ លោក យាយ ស៊ុ ហៀប និងអ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាម្តាយ និងជាបងស្រី​របស់​លោក យឹម សំអឿន បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងជ្រាលជ្រៅបំផុត ដែលបានចេញអន្តរាគមន៍ប្រគល់សត្វ​ក្ងោកជូនពួកគាត់វិញ។

បន្ថែមពីលើនោះពួកគាត់ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរលើបណ្តាញ​សង្គម​គ្រប់​ទីកន្លែង ដែលបានចេញប្រតិកម្ម និងទាមទារឱ្យមានការប្រគល់​សត្វក្ងោក​នេះ​ទៅពួកគាត់វិញ។

សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់​មានចំនួន​ប្រមាណ ២០ក្បាល។ លោក យឹម សំអឿន បាន​ប្រាប់អោយដឹងថា តាំងពីចិញ្ចឹមមកលោកមិនដែលលក់​សត្វក្ងោកនោះ​ឡើយ​។ មានម្តងនោះលោក​ទាល់​លុយពេក ទើបប្រកាសលក់តាមហ្វេសប៊ុក។ តែក្រោយ​មក​​លោក​លុបវិញ ហើយមិន​មាន​​លក់​នោះឡើយ។

សប្តាហ៍កន្លងទៅនេះ សត្វក្ងោករបស់លោកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចុះរឹបអូស​យកទៅដាក់នៅ សួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលច្បាប់ហាមឃាត់មិនឱ្យចិញ្ចឹម។

លោក យឹម សំអឿន រួមទាំងអ្នកលេងបណ្តាញសង្គមបានរួមគ្នាប្រតិកម្ម និងទាមទារ​សត្វក្ងោកនោះ ត្រឡប់មកវិញ។

នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិបត្តិការ និង​បញ្ជា​ឱ្យ​យក​សត្វក្ងោកទាំងនោះប្រគល់ជូនម្ចាស់ដើមវិញ។ មន្ត្រីរដ្ឋបាលព្រៃឈើ បាននាំយកសត្វក្ងោកទាំងនោះ ទៅដល់ផ្ទះរបស់លោក សំអឿន វិញ នៅវេលាម៉ោងប្រមាណ ៥៖៣៣នាទីល្ងាចនេះ៕