(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដំណើរ ការសាងសង់សម្រេចប្រមាណជិត៩០%ហើយ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ មុនផែនការដែលបានកំណត់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រនេះ មាន២ប្រភេទ ដែលមានការចាត់បេតុងសរសៃដែក ប្រវែង ៤៨គីឡូម៉ែត្រ មានកម្រាស ២២សង់ទីម៉ែត្រ មាននទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ សម្រាប់ផ្លូវខ្នែង ៥គីឡូម៉ែត្រ បានចាក់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ សម្រាប់តម្លៃសាងសង់មានចំនួន ២៧៣លានដុល្លារអាមេរិក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក្រោយក្រសួងចុះធ្វើតេស្តគុណភាព នៅតាមកន្លែងមួយចំនួនហើយឃើញថា ក្រុមហ៊ុនធ្វើបាន ត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាថាផ្លូវនេះមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងណែនាំឱ្យក្រុមហ៊ុនសាងសង់ រៀបចំយ៉ាងណាឱ្យ មានភ្លើងសញ្ញាឱ្យបានត្រឹមត្រូវកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានស្នើឱ្យក្រុមហ៊ុនដាំដើមផ្ការ ឬដើមឈើនៅតាមទ្រូងដេីម្បីកុំឱ្យចាំងភ្នែកដល់អ្នកបេីកបរក្នុងទិសដៅបញ្ជ្រាសគ្នាផងដែរ។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារ អាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកា បដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។
ផ្លូវមួយខ្សែនេះ សាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕