(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះ អនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ ដើម្បីសហប្រតិ បត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ពិធីចុះ ហត្ថលេខានេះគឺពិតជាមានសារៈសំខាន់ណាស់ដែលបានរៀបចំឡើងក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាល ភាពរបប សន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍ គ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំនាពេលអនាគតរវាងបេឡាជាតិសន្តិសុខសង្គមកម្ពុជា និងអង្គភាព សោធនជាតិនៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម អ៊ិត សំហេង បានបន្តថា តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងការងារ ពាក់ព័ន្ធផ្សេងៗរបស់អង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈ សំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និង វិស័យឯកជន ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបាន សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ឱ្យនៅក្រៅសំណាញ់ នៃការគ្របដណ្តប់របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថារាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ទៅលើពលករទេសសន្តរប្រវេស ក៍ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់ មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហា ប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។
ទាំងអស់នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសក៍នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថា្នក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការជំរុញឱ្យមាន កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្តរប្រវេសក៍នៃប្រទេសទាំងពីរផងដែរ។
លោក Kim Chi-mook នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហ ប្រតិបត្តិការ និងការបណ្តុះបណ្តាលចំពោះស្ថាប័ននៃប្រទេសទាំងពីរ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពី នេះទៀត ប្រព័ន្ធសោធននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍន៍រួមគ្នា។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា កន្លងមក បេឡាជាតិសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និត ជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាល ភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជា មួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕