ប៉ូលីសអង់គ្លេសបានព្រមានថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងផែនការចំនួន១៥ ប្រឆាំង​នឹង​អ្នក​ប្រឆាំង​នៅ​លើ​ទឹកដី​អង់គ្លេស​

 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប៉ូលីស​អង់គ្លេស​បាន​និយាយ​ថា អ៊ីរ៉ង់​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ផែនការ​រហូត​ដល់ចំនួន១៥ ប្រឆាំង​នឹង​អ្នក​ប្រឆាំង​នៅ​លើ​ទឹកដី​អង់គ្លេស​ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ ២០២២មក។

ជំនួយការស្នងការប៉ូលីស លោក Matt Jukes បាននិយាយថា ផែនការរបស់អ៊ីរ៉ង់ចំនួន៥ ដើម្បីធ្វើ ឃាត ចាប់ពង្រត់ ឬធ្វើភេរវកម្មនៅក្នុងចក្រភពអង់គ្លេស ត្រូវបានទប់ស្កាត់ទាន់ឆ្នាំ២០២៣នេះ។

ប្រធានទីភ្នាក់ងារសន្តិសុខ លោក Ken McCallum បាននិយាយនៅក្នុងសុន្ទរកថាមួយ​កាលពីខែ វិច្ឆិកាឆ្នាំមុនថា «អ៊ីរ៉ង់បានគំរាមកំហែងដោយផ្ទាល់ដល់ចក្រភពអង់គ្លេស តាមរយៈសេវាស៊ើបការណ៍ សម្ងាត់ដ៏ឈ្លានពានរបស់ខ្លួន»

ប្រធានទីភ្នាក់ងារសន្តិសុខរូបនេះបានសង្កត់ធ្ងន់ថា ចារកម្មអ៊ីរ៉ង់បានរៀបចំផែនការយ៉ាងហោច ណាស់ចំនួន១០ ចាប់តាំងពីខែមករាឆ្នាំមុន ដើម្បីចាប់ពង្រត់ ឬសម្លាប់ជនជាតិអង់គ្លេសដែល ចាត់ទុកថាជា «សត្រូវនៃរបបរបស់ខ្លួន»

ការលាតត្រដាងនេះបានកើតឡើង បន្ទាប់ពីប៉ូលិសប្រដាប់អាវុធត្រូវបានបញ្ឈរជើងនៅខាងក្រៅ ការិយាល័យ របស់អង្គការសារព័ត៌មានអ៊ីរ៉ង់មួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលជាស្ថាប័ន ព័ត៌មានជាភាសាពែក្ស ដែលរិះគន់របបដឹកនាំទីក្រុងតេហេរ៉ង់៕