(ហាណូយ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រ នេះថា ប៉ូលីសវៀតណាមបានរកឃើញសត្វឆ្មាងាប់ប្រហែល ២,០០០ក្បាល ដែលត្រៀមនឹងប្រើ ប្រាស់សម្រាប់ផលិតឱសថបុរាណ។
ឆ្មាទាំងនេះត្រូវបានរកឃើញ នៅទីសត្តឃាតមួយកន្លែងក្នុងខេត្តដុងថាប(Dong Thap) ក្នុងតំបន់ដី សណ្តទន្លេមេគង្គកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសត្វនៅរស់ចំនួន ៤៨០ក្បាលផងដែរ។
អ្នកខ្លះនៅវៀតណាមជឿថា សារធាតុចម្រាញ់ចេញពីឆ្អឹងឆ្មាអាចជួយព្យាបាលជំងឺដូចជាជំងឺហឺត និងជំងឺពុកឆ្អឹង។
គួរបញ្ជាក់ថា យោងតាមអង្គការសុខុមាលភាពសត្វ Four Paws International បានឱ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា សត្វឆ្មារហូតដល់ ១លានក្បាលបានរងគ្រោះ ដោយសារការជួញ ដូរសត្វខុសច្បាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសវៀតណាម។
ការបរិភោគសត្វឆ្កែ និងឆ្មាគឺស្របច្បាប់នៅក្នុងប្រទេស។ ភោជនីយដ្ឋានជាច្រើនបម្រើសាច់ សត្វទាំងនេះ ប៉ុន្តែត្រូវការវិញ្ញាបនបត្រដែលបង្ហាញពីប្រភពដើមនៃសត្វ។
ពាក់ព័ន្ធនឹងករណីខាងលើ នៅមិនទាន់មាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ៕