ក្រសួងមុខងារសាធារណៈ បង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិក VOD ដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន


 (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្កើតគណៈកម្ម ការមួយសម្រាប់ ទទួលពាក្យស្នើសុំចូលក្របខណ្ឌរដ្ឋរបស់ អតីតបុគ្គលិក VOD។

គណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលមានបំណង ចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន មានសមាសភាព១៣រូប ដឹកដោយ ឯកឧត្តម អាវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួង ព័ត៌មានជាអនុប្រធាន។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖

– ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើ ការងាររដ្ឋ

– ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដើម្បីរៀបចំ បញ្ចូលក្របខ័ណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់ បុគ្គលិកម្នាក់ៗ – រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌឱ្យស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន

– សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិកវិទ្យុសំឡេង ប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ – បូកសរុបរបាយការណ៍ជាប្រចាំ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់

– បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសារធាណៈ។

ក្រសួងមុខងារសារធារណៈ បានប្រកាសដែរថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួង មុខងារសាធារណៈ សូមជូនដំណឹងដល់អតីត បុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែល មានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន មេត្ដាមកធ្វើការទំនាក់ទំនងជាមួយនាយក ដ្ឋានជ្រើសរើសមន្ត្រីរាជការ និងបុគ្គលិកបម្រើការងាររដ្ឋ នៃក្រសួងមុខងារសាធារណៈ ដើម្បីបំពេញ បែបបទតាមនីតិវិធីកំណត់។

ក្រសួងបានបញ្ជាក់ថា អ្នកចូលមកដាក់ពាក្យ សូមភ្ជាប់មកជាមួយនូវបណ្ណសម្គាល់អតីតបុគ្គលិក VOD នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:៣០នាទី និង ពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី តាមរយៈអាសយដ្ឋាន ផ្លូវវត្ត អង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ: ០៨៩ ៩៧៨ ៦៧៨ និង ០១៧ ៦៥១ ៣២៣