រដ្ឋមន្ដ្រីកសិកម្ម ណែនាំឲ្យក្រុមនិស្សិតស្ម័គ្រចិត្ត យកចិត្តទុកដាក់ស្វែងយល់ ឲ្យបានច្បាស់លាស់ ពីការងារផលិតពូជស្រូវ

 (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំណេះសំណាល ជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ មកពីសាក លវិទ្យាល័យភូមិន្ទកសិកម្ម ចូលរួមគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញ អង្ករប្រកបដោយគុណភាព។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរ និងស្វាគមន៍ ចំពោះនិស្សិតស្ម័គ្រចិត្តទាំង ២១១នាក់ ដោយក្នុងនោះ លោកបានណែនាំឲ្យក្រុមនិស្សិត យកចិត្ត ទុកដាក់ស្វែងយល់ ឲ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ។ ជាមួយគ្នានេះដែរ និស្សិតហាត់ ការត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀន រស់ជាមួយនឹងបរិបទខាងក្រៅ។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា បានលើកឡើងថា ទាំងនេះ នឹងក្លាយជាទុនសម្រាប់ និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេល អនាគត។ បើតាមឯកឧត្តម រដ្ឋមន្ត្រី វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និង នៅតាមឃុំនីមួយៗ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមថា ដើម្បីសម្រចការងារនេះ គឺទាមទារឲ្យមានការចូលរួមពីនិស្សិតស្ម័គ្រ ក្នុងការជួយដល់ កសិករ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តាំងពីក្នុងមន្ទីរពិសោធន៍ ការដាំដុះ រហូតដល់ទីផ្សារសម្រាប់កសិករ។ នេះជាការបើកឱកាសលើកទីមួយ និងជាការប្រមូល ផ្តុំនិស្សិតស្ម័គ្រចិត្តលើកដំបូងក្នុងការជួយដល់កសិករ។

បើតាមលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងថា តាមផែនការនៃគម្រោងនេះ គឺមានរយៈពេល៦ខែ ដោយគ្រោងនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗ ខាងមុខ ដែលជាការសាកល្បងទី១។

លោកថា ក្នុងរយៈពេល៦ខែនេះ និស្សិតដែលបានស្ម័គ្រចិត្តជាង២០០នាក់ នឹងត្រូវបំពាក់បំប៉ន រៀនសូត្រឡើងវិញគ្រប់បច្ចេកទេស និងជំនាញទាំងអស់ មុនចុះទៅសហគមន៍។

លោក ង៉ោ ប៊ុនថាន បន្ដថា ដូច្នេះ នៅពេលរៀនច្បាស់លាស់ហើយ អំពីការផលិតពូជគ្រឹះ រហូត ដល់ពូជដែលត្រូវយកឲ្យកសិករដាំ ទើបតម្រូវឲ្យពួកគាត់បន្ត ចុះការងារជាក់ស្តែងនៅតាមសហគមន៍ ជាមួយកសិករ ដោយមានការបែងចែកជាក្រុម ធ្វើម្ដេចធានាថា គាត់ធ្វើត្រឹមត្រូវ និងតាមបច្ចេក ទេស។

សូមជម្រាបថា ក្រោយពីទទួលការណែនាំពីរដ្ឋមន្ត្រីក្រសួងកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ បាននិស្សិតចំនួន ២១១ នាក់ ក្នុងនោះនារីចំនួន១១២នាក់ ដើម្បីចូលរួមក្នុងវិធី «គម្រោងជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព» ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ៩។

និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួន ៨មានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋ កិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រកៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលា មាននិស្សិតកំពុងសិក្សាសរុបចំនួន ២,៦២២នាក់៕