លោក ចូ បៃដិន អាយុ៨០ឆ្នាំ មានសុខភាពមាំមួន ខណៈត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅ ឆ្នាំ២០២៤, នេះបើតាមពេទ្យផ្ទាល់ខ្លួន

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ លទ្ធផលត្រួតពិនិត្យសុខភាពជាប្រចាំ បានឱ្យដឹងថាលោកប្រធានាធិបតី អាមេរិក ចូ បៃដិន មានសុខភាពល្អមាំមួន ហើយអាចដឹកនាំកិច្ចការប្រទេសជាតិដោយមិនមាន បញ្ហាអ្វីនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោកត្រៀមខ្លួនជាស្រេច ដើម្បីចូល រួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។

លោក បៃដិន មានអាយុ៨០ឆ្នាំ បានទទួលការត្រួតពិនិត្យសុខភាពអស់រយៈពេលជាង ៣ម៉ោង នៅឯមន្ទីរពេទ្យយោធា Walter Reed National Military Medical Center ក្នុងទីក្រុង Bethesda នៃរដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមលោក Kevin O’Connor ជាវេជ្ជ បណ្ឌិតផ្ទាល់ខ្លួនរបស់លោក បៃដិន ចាប់តាំងពីឆ្នាំ២០០៩មក ប្រធានាធិបតីចាស់ជាងគេនៅក្នុង ប្រវត្តិសាស្ត្រអាមេរិករូបនេះមានសុខភាពល្អរឹងមាំ ហើយអាចបំពេញភារកិច្ចក្នុងនាមជាប្រធានាធិបតី ដោយគ្មានបញ្ហាអ្វីឡើយ។

សូមជម្រាបថា លោក បៃដិន មិនទាន់បានប្រកាសជាផ្លូវការថាលោកនឹងឈរជាឈ្មោះជាថ្មី ឬក៏ យ៉ាងណានោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាច្រើនកន្លងមក លោកបានបង្ហើបខ្លះៗ ដែរពីចេតនា ចង់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤៕