ការស្ទង់មតិ អោយដឹងថា ការគាំទ្ររបស់ប្រជាជនអាមេរិក ចំពោះការផ្ដល់អាវុធឱ្យអ៊ុយក្រែនធ្លាក់ចុះ ខណៈសង្រ្គាមជិតគម្រប់ខួបមួយឆ្នាំ

 (វ៉ាស៊ីនតោន)៖ យោងតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបញ្ជាក់អោយ ដឹងថា ការស្ទង់មតិថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅនេះបានឱ្យដឹងថាការគំាទ្រ នៅក្នុងចំណោមប្រជាជនអាមេរិក ចំពោះការផ្ដល់អាវុធ និងជំនួយសេដ្ឋកិច្ច ដោយផ្ទាល់សម្រាប់ អ៊ុយក្រែន មានការថយចុះ ខណៈសង្រ្គាមឈ្លានពានអ៊ុយក្រែននឹងឈានចូលគម្រប់ខួបមួយឆ្នាំនៅ ប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

ការស្ទង់មតិថ្មីខាងលើធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន AP សហការជាមួយមជ្ឈមណ្ឌល NORC Center for Public Affairs Research។ បើតាមការស្ទង់មតិនេះដដែល ប្រជាជនអាមេរិក ៤៨ភាគរយគាំទ្រឱ្យសហរដ្ឋអាមេរិកផ្ដល់អាវុធឱ្យអ៊ុយក្រែន ខណៈ២៩ភាគរយបានជំទាស់ រីឯ២២ ភាគរយមិនបាននិយាយគាំទ្រ ឬជំទាស់នោះទេ។

សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ ពោលគឺជាង៣ខែ ក្រោយរុស្ស៉ីបើកការឈ្លានពានលើ អ៊ុយក្រែន ប្រជាជនអាមេរិកពេញវ័យដល់ទៅ៦០ភាគរយ បានគាំទ្រដល់ការផ្ដល់ អាវុធសម្រាប់ អ៊ុយក្រែន។ ការថយចុះនៃការគាំទ្រនៅក្នុងចំណោមប្រជាជនអាមេរិកនេះកើតមានឡើង នៅចំពេល លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញ នៅ សប្ដាហ៍ក្រោយនេះដើម្បីរំលឹកខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៉ីដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕