ចំនួនអ្នកស្លាប់កើនដល់ជាង ៣៥,០០០នាក់ ក្រោយគ្រោះរញ្ជួយដីដ៏មហន្តរាយនៅតួកគី និងស៊ីរី


 (អង់ការរ៉ា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣​ បានប្រាប់អោយដឹងថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយ ដីនៅប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៣៥,០០០នាក់ ខណៈដែលក្រុមជួយសង្គ្រោះ នៃប្រទេសទាំងពីរ បានចាប់ផ្តើមបន្ថយកិច្ចស្វែងរកអ្នកដែលបាត់ខ្លួន ដោយបង្វែកិច្ចខិតខំប្រឹង ប្រែងរបស់ពួកគេ ទៅជួយអ្នករស់រានមានជីវិតដែលគ្មានផ្ទះសម្បែងរាប់លាននាក់។

ក្រុមមន្ត្រី និងគ្រូពេទ្យបានគូសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងប្រទេសតួកគីកើនដល់ ៣១,៦៤៣ នាក់ និងនៅប្រទេសស៊ីរីកើនដល់ ៣,៥៨១នាក់ ក្រោយពីការរញ្ជួយដីកម្រិត ៧.៨រិចទ័រកាលពី ថ្ងៃចន្ទ ទី០៦ កុម្ភៈកន្លងទៅ ដែលនាំឱ្យចំនួនសរុបដែលត្រូវបានបញ្ជាក់ឡើងដល់ ៣៥,២២៤នាក់។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទទួលស្គាល់ បរាជ័យក្នុងការផ្គត់ផ្គង់ជំនួយដល់ប្រទេសស៊ីរី ដោយបានលើកឡើងពីការខ្វះខាតក្នុងការដឹកជញ្ជូន ជំនួយដែលមានតម្រូវការខ្លាំង ទៅកាន់តំបន់ដែលហែកហួរដោយសង្គ្រាមមួយនេះ៕