(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថាមានអ្នកនយោបាយខ្លះ បានអួតអំពី គុណសម្បត្តិមេរបស់គេ ដែលលោកមិនចង់និយាយចំឈ្មោះ តែបានធ្លោយថាជាលោក សម រង្ស៊ី ដោយគេអួតថាមេរបស់គេមកកម្ពុជា [ឆ្នាំ៩០ប្លាយ] សុខចិត្តលះបង់ធំធេងណាស់ បោះបង់នូវការងារ និងលុយដ៏ច្រើននៅប្រទេសបារាំង ដើម្បីមកបម្រើការងារនៅកម្ពុជា។
ឯកឧត្តម បណ្ឌិតបានចោទសំណួរថា តើពេលនោះគាត់ [សម រង្ស៊ី] មកធ្វើអី? គឺទាល់តែបានតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច ហើយប្រពន្ធគាត់ ធ្វើការនៅធនាគារជាតិ ទើបព្រមមក។
ឯកឧត្តម បណ្ឌិតប្រាប់ទៅវិញថា សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានឱកាសទៅធ្វើការដូចគេទេ សុទ្ធតែជាកូនកសិករ ពេលផ្ទុះសង្គ្រាមសុខចិត្តយកជីវិតធ្វើដើមទុន រំដោះប្រទេសជាតិ ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងបញ្ចប់សង្គ្រាមទាំងស្រុងនោះកម្ពុជា នៅប្រជាពលរដ្ឋតាំងពីពេលលំបាក ហើយក៏មិនរត់ចោលប្រជាពលរដ្ឋនោះដែរ។
តាមរយៈវីដេអូរបស់លោកបង្ហោះក្នុង Facebook ផ្លូវការ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង យ៉ាងដូច្នេះថា «អ្នកនយោបាយបក្សខ្លះ គាត់អួតមេរបស់គាត់ គាត់ថាមេរបស់គាត់កាលមុនមកស្រុក ខ្មែរ គាត់ធ្វើការនៅស្រុកបារាំង មានលុយច្រើន សុខចិត្តបោះបង់ លុយកាក់មុខរបរនៅស្រុកបារាំង រាប់ម៉ឺនរាប់សែនអឺរ៉ូ ដើម្បីមកធ្វើការនៅស្រុកខ្មែរ [លោក សម រង្ស៊ី ] តើគាត់មក ដឹងមកធ្វើអីទេ? គាត់មកដំបូងគេ ទាល់តែបានធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រពន្ធគាត់ធ្វើធនាគារជាតិ បានមក អីចឹង ដដែល។ តែខ្ញុំប្រាប់គាត់វិញថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានឱកាសទៅធ្វើការនៅទីនោះទេ [បារាំង] ព្រោះកាលពីមុនអ្នកស្ទឹងត្រង់ សម្តេចតេជោ ត្រូវសម្រេចចិត្តចោលយាយខ្ញុំ ដើម្បីបានរៀនបន្ត ស្នាក់នៅវត្តនាគវ័ន កូនអ្នកក្រទេ ពេលផ្ទុះសង្គ្រាមសុខចិត្តយកជីវិតធ្វើដើមទុន អត់មានលុយបោះ បង់ទេ មានតែយកជីវិតទៅបោះបង់ គេបោះបង់លុយរាប់ម៉ឺនរាប់សែនអឺរ៉ូ គេមកយកតួនាទីធ្វើជា រដ្ឋមន្ត្រី ចុះពីយន្តហោះឆ្នាំ៩០ជាង គេថា គេលះបង់ធំ ណែ ! ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនត្រឹមតែសម្តេចតេជោទេ ថ្នាក់ដឹកនាំផ្សេងទៀត សុទ្ធតែចេញពីត្រកូលកសិករ យកជីវិតធ្វើដើមទុនរំដោះប្រទេសជាតិ អីចឹងការនៅជាមួយប្រជាពលរដ្ឋ តាំងពីពេលលំបាកមក មានការអ្វីក៏គណបក្សប្រជាជនកម្ពុជា ជាពិសេសម្តេចតេជោ មិនរត់ចោលប្រជា ពលរដ្ឋដែរ ព្រោះធ្លាប់លំបាកជាមួយគ្នា អត់មានប៉ាស្ព័រពីរទេ អត់មានសញ្ជាតិពីរទេ»។
ឯកឧត្តម បណ្ឌិតបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ក្នុងការរំដោះ ប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ដោយការហ៊ានចូលតំបន់ខ្មែរក្រហម អន្លង់វែង ទោះបីសមាជិកគ្រួសារមិនគាំទ្រក្តី ក៏សម្តេចតេជោ ហ៊ានយកជីវិតខ្លួនឯងធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។
ឯកឧត្តម បានថ្លែងថា «នៅក្នុងដំណាក់កាលដែលលំបាកទាំងអស់ លោកតា លោកយាយជឿចុះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលអត់រត់ចោល ប្រជាពលរដ្ឋទេ ហើយដើរមុនរហូត អ្នកខ្លះពូកែណាស់ ស្រែកពីក្រៅប្រទេស ឲ្យប្រជាជនដើរចូលចំ ការមីន តែគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល សម្តេចតេជោ គឺដើរដោះមីនមុន បានឲ្យប្រជា ពលរដ្ឋចូល ដោះមីនហើយដើរចូលខ្លួនឯងទៀត ដើម្បីឲ្យប្រជាពលរដ្ឋដឹងថាដើរទៅ សុវត្ថិភាព បានឲ្យប្រជាពលរដ្ឋទៅ»៕