(វ៉ាស៊ីនតោន)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញមុខរិះគន់ ទីក្រុងប៉េកាំងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយោធាចិនបានបាញ់ឡាស៊ែរដាក់នាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រហ្វីលីពីន នៅក្នុងតំបន់ ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង កាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យនាវិកហ្វីលីពីនខ្លះមានបញ្ហាភ្នែក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថាសកម្មភាពរបស់ឆ្មាំសមុទ្រចិនគឺជាទង្វើបង្កហេតុ និងបង្កគ្រោះថ្នាក់ ដែលជាលទ្ធផល ធ្វើឱ្យសមាជិក នាវិកមួយចំនួននៃឆ្មាំសមុទ្រហ្វីលីពីន ងងឹតភ្នែកមួយរយៈពេលខ្លី។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្ត ហ្វីលីពីនរបស់យើង នៅក្នុងការប្រឈមមុខនឹង សេចក្ដីរាយការណ៍ដែលថាឆ្មាំសមុទ្រចិនប្រើប្រាស់ ឡាស៊ែរប្រឆាំងនឹងនាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រហ្វីលីពីន»៕