លោក​ ឌិត ទីណា ណែនាំក្រុមការងារខេត្តបន្ទាយមានជ័យ ពង្រឹងការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំក្រុមការងារខេត្តបន្ទាយមានជ័យ ពង្រឹងការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម។

ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាឱកាសដែលលោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួន ៨០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងរាស្រ្តព្រឹទ្ធសភា ដែលបានចូលរួមគ្រប់សកម្មភាពទាំងអស់ និងបានចូលរួមដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

នាឱកាសនេះផងដែរ លោក បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ការទទួលសំណើ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ចំគោលដៅ ក្តាប់ឱ្យបាននូវសណ្ឋានភាពគ្រប់អនុវិស័យទាំងអស់។

ទន្ទឹមនឹងនេះ លោក​ ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ «ត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម ដោយត្រូវចុះជួយជាជំនួយបច្ចេកទេស ផ្តល់វគ្គបណ្តុះបណ្តាល និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករ»

ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការពេញចិត្តជាខ្លាំង នូវការសហការគ្នាបានយ៉ាងល្អ ទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានខិតខំរួមគ្នាបំពេញការងារក្នុងគោលដៅរួម ផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ និងសូមជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕