ប្រមុខ NATO ទទួលស្គាល់ថាការវាយលុកទ្រង់ទ្រាយធំជាថ្មីរបស់រុស្ស៉ី នៅអ៊ុយក្រែន ចាប់ផ្ដើមហើយ


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងបាកមូត ស្ថិតនៅភាគខាង កើតនៃប្រទេស កំពុងប្រឈមមុខនឹងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំយ៉ាងសម្បើម ពីសំណាក់ កងកម្លាំងរុស្ស៉ី ខណៈ ប្រមុខអង្គការ NATO បានគាំទ្ររបាយការណ៍ដែលថាប្រតិបត្តិការវាយលុក ទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសង្រ្គាមឈ្លាន ពានរបស់ទីក្រុងមូស្គូ ឈានចូល គម្រប់ខួបមួយឆ្នាំ។

ក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថាទាហានអ៊ុយក្រែនដែល កំពុងតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនខែមកនេះ បាននិងកំពុងប្រឈមមុខនឹងការវាយប្រហារ ថ្មីមួយ ដោយ ក្នុងនោះទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងបាកមូត (Bakhmut) បាន និងកំពុងស្ថិត នៅក្រោមការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។ ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះ ថា «អ្វីដែលយើងកំពុងឃើញ នោះគឺពួកគេ (រុស្ស៉ី) កំពុងបញ្ជូនកងទ័ពបន្ថែម អាវុធបន្ថែម និងបង្កើន សមត្ថភាពបន្ថែម… ដែល នេះគឺជាការចាប់ផ្ដើមនៃការវាយលុកថ្មីមួយ»