ក្រសួងសាធារណការ ក្រើនរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន សូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី

(ភ្នំពេញ)៖ ក្រោយបានពិនិត្យឃើញថានៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាត​ឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។

ទទួលបានសេចក្តីជូនដំណឹងនេះក្រសួង សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលពុំទាន់បានចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕