(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសជំនួយយោធាទំហំ ៥០០លានដុល្លារថ្មីទៀត សម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥។
ក្រុមហៅថា Ukraine Defense Contact Group ឬ UDCG រួមមានសម្ព័ន្ធមិត្តសរុបប្រហែល៥០ប្រទេស ដែលជាទូទៅតែងជួបជុំពិភាក្សា រៀងរាល់ប៉ុន្មានខែម្តង នៅឯប្រទេសអាល្លឺម៉ង់ ត្រូវបានផ្តួចផ្តើមឡើងដំបូង កាលពីឆ្នាំ២០២២ ដោយរដ្ឋមន្រ្តីការពារជាតិអាមេរិក គឺលោក Lloyd Austin ក្នុងគោលដៅពន្លឿន ក៏ដូចជាធ្វើឱ្យមានភាពស៉ីចង្វាក់គ្នា នូវការប្រគល់អាវុធឱ្យទីក្រុងកៀវ។
គួរបញ្ជាក់ថា យ៉ាងណាមិញ អនាគតនៃក្រុម UDCG នាពេលនេះ មានភាពស្រពេចស្រពិលដោយសារតែ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែង នាថ្ងៃទី២០ ខែមករា។ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែនមក ទីក្រុងវ៉ាស៉ីនតោន បានផ្តល់ជំនួយយោធាសរុបច្រើនជាង ៦៣.៥ពាន់លានដុល្លារហើយ ឱ្យទៅទីក្រុងកៀវ។ បើតាមប្រភពពីមន្រ្តីអាមេរិកមួយរូប គឺជំនួយយោធា៥០០លានដុល្លារថ្មីទៀត នឹងត្រូវប្រកាស នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំឡុងសន្និសីទ UDCG៕