រដ្ឋមន្ត្រី ថោង ខុន អោយដឹងថា ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវចិន ២៥,០០០នាក់

 (ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ២៥,០០០នាក់។ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់អោយដឹងនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិ ប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយ ចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។

ឯកឧត្តម បន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាស ប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០ម៉ឺននាក់កើន ឡើង១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើន ឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។

ឯកឧត្តម ថា គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរ ចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន ក៏បានឱ្យដឹងដែរថា «ក្នុងខែមករា ឆ្នាំ២០២៣នេះដែរ ជើងហោះហើរដែល ចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួល បាន១,១៧៨ជើង»

ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថា ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើ ដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរដោយក្រុម ហ៊ុន Air China។ ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា នឹងរៀបចំពិធី ស្វាគមន៍ចំពោះភ្ញៀវទេសចរ ដោយសារនេះជាជើងហោះហើរឡើងវិញលើកទី១ក្រោយកូវីដ១៩ ពីរដ្ឋធានីប៉េកាំងមករាជធានីភ្នំពេញ។

ឯកឧត្តម បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងមានជើងហោះលើកដំបូងពី គួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ កម្ពុជាក៏បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្រុមភ្ញៀវ ទេសចរចិនចំនួន៣២នាក់ ដែលជាតំណាងទីភ្នាក់ងារទេសចរណ៍ចិន និងអ្នកសារព័ត៌មានមួយ ចំនួននៅខេត្តស៊ិនជិន តាមជើងហោះហើរ ZH9045 ដែលមកសិក្សាពីគោលដៅទេសចរណ៍កម្ពុជា។ ពួកគាត់សប្បាយរីករាយណាស់ចំពោះ បដិសណ្ឋារកិច្ចការស្វាគមន៍របស់កម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើង ជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»