(អង់ការ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ អោយដឹងថា ចំនួនអ្នកស្លាប់បានបន្តកើនដល់ច្រើនជាង ៣,៨០០នាក់ហើយ បន្ទាប់ពីគ្រោះ រញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការស្វែង រកអ្នករស់រានមានជីវិត។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១,៤៤៤នាក់ បានស្លាប់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ៣,៨២៣នាក់ បន្ទាប់ពីអាជ្ញាធរតួកគី កែតម្រូវតួលេខអ្នកស្លាប់ មកនៅត្រឹម ២,៣៧៩នាក់វិញ។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ ត្រូវគេជឿថានៅ កប់ក្រោមគំនរបែកបាក់។ រីឯចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ១៤,៥០០នាក់ឯណោះ ដោយនៅតួកគី មានអ្នករងរបួសជាង ១២,០០០នាក់ និង ៣,៤១១នាក់ នៅក្នុងប្រទេសស៊ីរី។
ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដី ខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្ស រស់នៅ ប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប រុស្ស៉ី និងអ៉ីស្រាអែល រួមទាំងប្រទេសជាច្រើនទៀត បានចេញ មុខភ្លាមៗចូលរួមសម្តែង ការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ ជំនួយដល់តួកគី ក៏ដូចជាស៉ីរី។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយ ដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕