ស្រីលង្កាបញ្ចប់បុរេលក្ខខណ្ឌសម្រាប់ជំនួយ ២,៩ពាន់លានដុល្លារពីមូលនិធិ IMF

 (កូឡុំបូ)៖ លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កាបានឱ្យដឹងនៅថ្ងៃសៅរ៍សប្តាហ៍ មុនថាប្រទេសរបស់លោកកំពុងបញ្ចប់ការបំពេញតាមបុរេលក្ខខណ្ឌសម្រាប់ការទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយរំពឹងថានឹងទទួលបានការ អនុមត័តឆាប់ៗនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Wickremesinghe ខណៈថ្លែង សុន្ទរកថាទៅកាន់ប្រជាជនរបស់លោកឱកាសប្រារព្ធទិវាឯករាជ្យលើកទី៧៥ ថា៖ «យើងកំពុងបញ្ចប់ ដោយជោគជ័យនូវដំណាក់កាលដ៏លំបាកដែលតម្រូវឱ្យយើងធ្វើដើម្បីទទួលបានការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ យើងរំពឹងថានឹងទទួលបានការអនុម័តតដោយគ្មានការបង្អង់យូរ»។

ប្រទេសស្រីលង្កាដែលជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនគិតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨មក ដែលបង្កឡើងដោយសារកង្វះខាតប្រាក់ដុល្លារ បាន ទទួលរងការកើនឡើងអតិផរណាយ៉ាងខ្លាំង ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការដើរថយក្រោយនៃ សេដ្ឋកិច្ច។

លោក Wickremesinghe ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន បានសន្យាថានឹងធ្វើឱ្យសេដ្ឋ កិច្ចដើរមករកផ្លូវត្រូវវិញ ប៉ុន្តែលោកបានព្រមានថា វានឹងជាការងារដ៏លំបាក។

លោកមានប្រសាសន៍ថា៖ «ខ្ញុំដឹងថា ការសម្រេចចិត្តជាច្រើនដែលខ្ញុំបានបង្ខំធ្វើគិតចាប់តាំងពីឡើង កានន់អំណាចមក មិនមានប្រជាប្រិយភាព …. ខ្ញុំនឹងបន្តកម្មវិធីកំណែទម្រង់ថ្មីនេះជាមួយប្រជាជន ភាគច្រើនដែលស្រឡាញ់ប្រទេសនេះ»។

ស្រីលង្កាបច្ចុប្បន្នកំពុងផ្តោតលើការទទួលបានការធានាហិរញ្ញប្បទានពីម្ចាស់បំណុលទ្វេភាគីធំៗគឺចិន និងជប៉ុន។ ប្រទេសឥណ្ឌា ដែលជាម្ចាស់បំណុលធំទី៣ បានយល់ព្រមគាំទ្រការរៀបចំបំណុល ឡើងវិញហើយកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕