រដ្ឋបាលខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធករណីដីធ្លីរបស់អតីតយោធា នៅស្រុកស្ទឹងហាវ ជាមួយឧកញ៉ា ជៀម ផែន


 (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺពាក់ ព័ន្ធករណីដីធ្លី ជាអតីតមន្ដ្រីយោថា ឈ្មោះ ជា សុវណ្ណ តំណាងឲ្យប្រជាពលរដ្ឋ៣គ្រួសារ ស្នើសុំអន្ត រាគមន៍ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន ស្ថិតនៅចំណុចចង្រាំង ភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង (បច្ចុប្បន្នភូមិ កែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ)។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ពាក់ព័ន្ធករណីសំណើសុំអន្តរាគមន៍ពីពាក់ព័ន្ធជម្លោះដីធ្លី ទីតាំងដីមួយកន្លែងស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលឈ្មោះ ជា សុវណ្ណ ជាយោធាពិការតំណាងប្រជាពលរដ្ឋ៣គ្រួសារ បានស្នើសុំដោះស្រាយ។ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា ករណីនេះ មានការពិនិត្យដោះស្រាយ និងបានសម្រេចដោយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រួចរាល់ និងបានចេញលិខិតចំនួន២ ជូនឈ្មោះ ជា សុវណ្ណ រួមមានលិខិតដូចខាងក្រោម៖

*ទី១៖ លិខិតលេខ ០៦៤/១១អជដ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ បានបញ្ជាក់ថា ទីតាំងដីទំនាស់ ទំហំ១៦ហិកតា ស្ថិតនៅចំណុចចង្រាំង ភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង (បច្ចុប្បន្នភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ) អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី ពុំអាចលើកយកមកដោះស្រាយជូនបានឡើយ ព្រោះរាជរដ្ឋាភិបាល បានសម្រេចតាម រយៈលិខិតលេខ ៦៦៩សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី រួចហើយ។

*ទី២៖ លិខិតលេខ ០៦៤/១៦អជដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី ពុំអាចលើកយកមកដោះស្រាយជូនបានទេ ព្រោះដីទំនាស់ ជាដីមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ បើយោងតាមប្រកាសអន្តរក្រសួងលេខ ០២ប្រករ.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ករណីនេះជាសមត្ថកិច្ចរបស់តុលាការ។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ៣៨០/១៦សជណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ជម្រាបជូនលោក ជា សុវណ្ណ ថាករណីស្នើសុំនេះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដូច្នេះ ស្នើលោកទំនាក់ទំនងជាមួយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។

រហូតដល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ជា សុវណ្ណ បានមកបំភ្លឺផ្តល់ព័ត៌មានជូនក្រុមការ ងាររដ្ឋបាលខេត្ត ដោយបានបញ្ជាក់ថា គាត់ធ្លាប់បានទទួលលិខិតពីអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី ចំនួន២លើក និងលិខិតពីរដ្ឋបាលខេត្តព្រះសីហនុ ចំនួន១លើក៕