សេដ្ឋកិច្ចថៃអាចកើនឡើង ៤ភាគរយនៅឆ្នាំនេះដែលជំរុញដោយវិស័យទេសចរណ៍

(បាងកក)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានប្រាប់អោយដឹងថា ឧបនាយករដ្ឋមន្ត្រីថៃបាន ឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចប្រទេសថៃអាចនឹងកើនឡើងរហូតដល់ ៤ភាគរយនៅឆ្នាំ នេះពោលគឺជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើង វិញនៃវិស័យទេសចរណ៍ និងការកើនឡើងការប្រើប្រាស់ក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចខណៈថ្លែងក្នុងសិក្ខាសាលា មួយថា ការវិនិយោគថ្មីដែលរំពឺងទុកក៏នឹងជួយជំរុញសេដ្ឋកិច្ចផងដែរ។

លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចនឹងច្បាស់ជាល្អជាងឆ្នាំមុន… បើទោះបីជាមានផលប៉ះពាល់ខ្លះ ពីតម្លៃថាមពលក៏ដោយ»

លោកបានបន្តថា៖ «សព្វថ្ងៃស្ថានភាពសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញ ហើយនឹងវិលមករកភាព ប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ភ្ញៀវទេស ចរបរទេសត្រូវបានរំពឹងថានឹងមានចំនួនជាង ២០លាននាក់នៅឆ្នាំនេះ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពយឺតយ៉ាវជាងប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀតដោយវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះទើបតែចាប់ផ្តើមស្ទុះងើបឡើងវិញកាលពីឆ្នាំមុនដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន ១១,១៥លាននាក់។

កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុថៃបានរក្សាការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួន នៅកម្រិត ៣,៨ ភាគរយដដែល ប៉ុន្តែបានកាត់បន្ថយការព្យាករអំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ មកនៅត្រឹម ៣ភាគរយពី ៣,៤ភាគរយ ដោយសារការនាំចេញធ្លាក់ចុះ។

រដ្ឋាភិបាលថៃនឹងរាយការណ៍ទិន្នន័យផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ ជាផ្លូវការនៅ ថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕