(ភ្នំពេញ)៖ ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer បានមាន ប្រសាសន៍ថា មើលឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាង ច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយ បញ្ហាមីន។
ជាមួយគ្នានេះ លោកមានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីការ ងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ។ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់ការងារ បោសសម្អាតមីននេះ ហើយសង្ឃឹមថាកម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន កម្ពុជាគ្មាន មីនឆ្នាំ២០២៥។
ការលើកឡើងនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន ពេល លោក បានចូលរួមជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមជា ដៃគូ និងកិច្ចសហប្រតិបត្តិការ សកម្មភាពមីននៅកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម ដោយបានគាំទ្រការ ដាក់បញ្ចូលសកម្មភាពបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះចូលជា គោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(CMDG) និងដាក់ចូលជាគោលដៅទី១៨ នៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា(CSDG)។
ឯកឧត្តម បានបន្តទៀតថា បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយក្នុងការដោះ ស្រាយ និងចូលរួមដល់ការ អភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈាន ដល់របត់មួយ និងសម្រេចបាននូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្តរយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ឯកឧត្តម ថា កម្ពុជាបានទទួលការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុ រសជននានា ដូចអ្វីដែលយើងឃើញយ៉ាងច្បាស់ចាប់ពី២០២២ សម្តេចតេជោ បានសម្រេចបង្កើត គម្រោងសម្តេចតេជោសម្រាប់សកម្មភាព និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាមិត្តភ័ក្តិ ដ៏ជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់ សកម្មភាពមីននៅកម្ពុជា ផងដែរ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអញ្ជើញប្រធានអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្ស និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីនរបស់ប្រតិ បត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយ៕