(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ហ្វីលីពីនបានសម្រេចអនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចប្រើ ប្រាស់មូលដ្ឋានយោធារបស់ខ្លួន បានប៉ុន្មានកន្លែងបន្ថែមទៀត នាឱកាសដែលរដ្ឋមន្រ្តីការពារ ជាតិអាមេរិក បានមកបំពេញទស្សនកិច្ច។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន-អាមេរិក បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹង ទទួលបានការអនុញ្ញាត ឱ្យប្រើប្រាស់មូលដ្ឋានចំនួន៤កន្លែងទៀត នៅក្រោមកិច្ចព្រមព្រៀងសហ ប្រតិបត្តិការយោធា ហៅកាត់ថា EDCA ដែលបង្កើតឡើងដំបូង កាលពីឆ្នាំ២០១៤។ យោងតាមសេចក្តីថ្លែងការណ៍ដដែល កន្លងមកនេះ សហរដ្ឋអាមេរិកបានវិនិយោគជាង៨២ពាន់ លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានមានស្រាប់ចំនួន៥ ក្រោមកិច្ចព្រមព្រៀង EDCA។
កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ EDCA អនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា ហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺនរួមគ្នា, ការរក្សាទុកសម្ភារត្រៀមជាមុន ក៏ដូចជាការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗ រួមមានទាំងផ្លូវយន្តហោះ កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅសម្រាប់ កងទ័ព ប៉ុន្តែមិនអាចរក្សាវត្តមានយោធាជាអចិន្រ្តៃយ៍បានឡើយ។
សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ច្បាស់អំពីទីតាំងនៃមូលដ្ឋានថ្មីទាំង៤ឡើយ។ ប៉ុន្តែខាងយោធាហ្វីលីពីនធ្លាប់បង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់មូលដ្ឋាន នៅ កោះលូហ្សូន (Luzon) ភាគខាងជើងប្រទេស ដែលជាទឹកដីហ្វីលីពីននៅជិតនឹងតៃវ៉ាន់បំផុត ព្រម ទាំងនៅកោះប៉ាឡាវ៉ាន (Palawan) ដែលទល់មុខគ្នានឹងទីប្រជុំកោះមាននៅជម្លោះនៅសមុទ្រ ចិនខាងត្បូង៕