(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចនឹងប្រកាសដាក់ចេញ នូវកម្មវិធីកែទម្រង់ការគ្រប់ ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាកម្មវិធីថវិកាដ៏មានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ គឺជា ការវិភាជ [បែងចែក] ថវិកាចំគោលដៅ ត្រូវនឹងវិស័យអាទិភាព ដោយសម្តេចលើកជាឧទាហរណ៍ថា បើរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព នោះការវិភាជថវិកា ក៏ត្រូវបង្កើតដល់វិស័យនេះផង ដែរ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅសម្រាប់បញ្ហាកំណែទម្រងហិរញ្ញវត្ថុ សាធារណៈ យើងកំពុងស្ថិតក្នុងដំណាក់កាលថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ នៅប៉ុន្មានថ្ងៃខាង មុខ ខ្ញុំនឹងប្រកាសនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីដើរទៅមុខទៀត ហើយ ប្រសិទ្ធភាពណាស់ ដែលយើងប្រើថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ បើគោលនយោបាយដាក់ ទិសដៅសម្រាប់វិស័យអប់រំ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវតែបង្កើនទៅឲ្យវិស័យ នេះលើថវិកា។ មិនអាចដាក់ថាវិស័យអប់រំជាវិស័យអាទិភាព ប៉ុន្តែបែរជាវិភាជថវិកាបានចំនួនតិច ដែលវាមិនឆ្លើយតប ជាមួយនឹងតម្រូវការនៃវិស័យអប់រំ យើងត្រូវរួមគ្នាធ្វើបន្តទៀត»។
សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ដំណាក់កាលទី៤ហើយ ដោយដំណាក់ទី១ ពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២ និងដំណាក់កាលទី៤ ចាប់ពី២០២៣-២០២៧។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់ សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំ បាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និង កែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដ និយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍ អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។
សមិទ្ធផលដ៏ត្រចះត្រចង់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាល ទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអាចសន្សំ និងបង្ហូរថវិកា កាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគ សាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះស្រាយវិបត្តិកូវីដ១៩, ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយ អតិផរណា គ្រោះទឹកជំនន់ ជូនដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោម ជាតិក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយលើកស្ទួយមួយកម្រិត ដល់ឯករាជ្យភាពផ្នែកថវិកា របស់កម្ពុជា៕