(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យអ្នកធ្លាប់គាំទ្រ គណបក្សប្រឆាំងវិលចូលប្រទេស ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និងរីករាយកម្សាន្តជាមួយ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយ ឈប់ជឿការឃោសនាអកុសលដែលថា នឹងមានការចាប់ខ្លួនតទៅទៀត។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលព័ត៌មាន ពីអតីតអ្នកគាំទ្រក្រុមប្រឆាំងថា ពួកគេមិនហ៊ានវិលចូលប្រទេស ដោយសារតែមានការឃោសនាថា អាចនឹងមានការចាប់ខ្លួនទៅលើអ្នកគាំទ្របក្សប្រឆាំង ឬអ្នកធ្លាប់ជេររាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានការភ្ញាក់ផ្អើល ខ្លាំងណាស់ នៅត្រង់ថា បងប្អូនមួយចំនួន ព្រួយបារម្ភអត់ហ៊ានមកស្រុក ដោយសារតែធ្លាប់គាំទ្របក្ស ប្រឆាំង ធ្លាប់ជេរតាមហ្វេសប៊ុកអត់ហ៊ានមកស្រុក»។
«ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្តិច ប្រទេសនេះគឺប្រទេសកម្ពុជា ប្រទេសទាំងអស់គ្នា អ្នកដែល មិនមានដីកាតុលាការតាមចាប់ខ្លួនទេ អ្នកនោះទោះបីធ្លាប់ជេររដ្ឋាភិបាល អត់មានពាក្យបណ្តឹងទៅ តុលាការទេ គឺអ្នកនោះមកបាន អត់មានបញ្ហាទេ»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការជួបពិភាក្សាជាមួយ លោកស្រី ហែម ចន្ថា ដែលជា អតីតអ្នកគាំទ្រក្រុមប្រឆាំង ហើយដែលពេលនេះ ត្រូវបានក្រុមប្រឆាំងចោទថា ជារនុកក្នុងរបស់គណ បក្សប្រជាជនកម្ពុជា។ សម្តេចបានបញ្ជាក់ថា ស្រ្តីរូបនេះបានប្រាប់សម្តេចថា រូបគាត់មិនហ៊ានចូល ប្រទេសវិញទេ ដោយសារតែធ្លាប់ជេររាជរដ្ឋាភិបាល និងធ្លាប់គាំទ្រក្រុមប្រឆាំង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យអ្នកគាំទ្រក្រុមប្រឆាំងទាំងអស់ កុំមានការយល់ច្រឡំត ទៅទៀតថា ខ្លួនមិនអាចវិលចូលប្រទេសបាន។ សម្តេចបានបញ្ជាក់ថា សម្រាប់អ្នកធ្លាប់ ឬមិនធ្លាប់ គាំទ្រក្រុមប្រឆាំង គឺគ្មានហាមប្រាមសម្រាប់ការចូលប្រទេស ឬតម្រូវឱ្យចាប់ខ្លួនឡើយ។ សម្តេចបញ្ជាក់ទៀតថា៖ «រាប់ទាំងអ្នកមានដីកាចាប់ខ្លួន ប្រសិនបើឱ្យគេចាប់ សូមមកៗ អត់មានទាស់ខុសទេ ព្រោះខ្លួនមានសិទ្ធិមកតើ»។
សម្តេចបានបញ្ជាក់បន្ថែមថា «យើងធ្វើនយោបាយគឺធ្វើដើម្បីបង្រួបបង្រួម»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលើសលួសពាក្យសម្តីបន្តិចបន្តួច មិនមែនជាប្រធានបទប្រកាន់គ្នា មួយជីវិតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីជម្លោះជាមួយខ្មែរក្រហមដែលសឹងតែ ស៊ីសាច់ហុតឈាម ប៉ុន្តែចុងក្រោយនៅតែអាចធ្វើការជាមួយគ្នាបាន៕