រដ្ឋមន្ត្រីវប្បធម៌ ផ្តាំផ្ញើ៣ចំណុច ដល់មន្ត្រីកម្មសិក្សាការី៩រូប ដែលទើបបញ្ចប់ការបណ្តុះបណ្តាល ពីសាលាភូមិន្ទរដ្ឋបាល

 (ភ្នំពេញ)៖ មន្ត្រីរាជការ ០៩នាក់ (ស្រី០៣នាក់) ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រ ផ្តល់ឱកាសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និង វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានលោក ជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យចូលជួប សម្តែងការគួរសម និងរាយការណ៍ជូនលោកស្រី ពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គ ភាពរបស់ខ្លួនវិញ។

មន្ត្រីកម្មសិក្សាការីទាំង ០៩នាក់ ដែលទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មានចំនួន ០៤នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១នាក់ និងវគ្គវិក្រឹតការមន្រ្តីមធ្យម មានចំនួន ០៤នាក់ ស្រី០៣នាក់។

កម្មវីធីសិក្សាវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ មានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

តំណាងមន្ត្រីរាជការទាំង ០៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ខែនេះ ពួកគេបានសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការ ផ្លាស់ប្តូរនូវបទពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការ សិក្សាទទួលបានលទ្ធផលជាវិជ្ជមាន។

ចំពោះបំណងសូមចូលគោរពសម្តែងការគួរសមចំពោះ លោកជំទាវ បណ្ឌិតសភាចារ្យ គឺដើម្បីធ្វើ សេចក្តីរាយការណ៍ជូនអំពីលទ្ធផលនៃការសិក្សា និងសុំអនុសាសន៍ដ៏ល្អៗពីលោកជំទាវ ដើម្បី ជាមូល ដ្ឋានក្នុងការពង្រឹងគោលជំហរ និងអភិវឌ្ឍន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបនោះ លោកជំទាវ បណ្ឌិតសភាចារ្យ បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា ដែលកម្មសិក្សាការី បានទទួលជ័យលាភីទាំង ៩រូប។

ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងផ្តល់អនុសាសន៍ដល់មន្ត្រីទាំង ០៩រូប នូវអនុសាសន៍ដូចខាងក្រោម៖

* ១៖ ត្រូវបន្តការរៀនសូត្រពេញមួយជីវិត ការអាន ការស្រាវជ្រាវ ការអនុវត្តការងារ ដើម្បីស្វែងរក បទពិសោធន៍ ដើម្បីការអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើង
* ២៖ មានវិន័យ និងចេះគ្រប់គ្រងពេលវេលា ក្នុងការអនុវត្តការងារ
* ៣៖ ត្រូវចេះបង្កើតទស្សនាទានផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍចំណេះ ជំនាញ និងការវិឌ្ឍខ្លួនទៅតាម បដិវត្តឧស្សាហកម្ម ៤.០៕