លោក ពូទីន បញ្ជាឱ្យយោធារបស់លោក បញ្ឈប់ការបាញ់ផ្លោងរបស់អ៊ុយក្រែន លើទឹកដីរុស្ស៉ី

 (មូស្គូ)៖  យោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣  គឺ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា យោធារុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ផ្លោងលើតំបន់របស់រុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន ដែលបាន ធ្វើឲ្យមនុស្សជាច្រើនបាត់បង់ផ្ទះសម្បែង ឬគ្មានអគ្គិសនីប្រើប្រាស់។

ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីការស្ដារឡើងវិញនូវលំនៅដ្ឋាន និងហេដ្ឋារចនា សម្ព័ន្ធ ដែលរងការបំផ្លាញនៅក្នុងតំបន់នៃភាគនិរតីនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន លោក ពូទីន បានគូសបញ្ជាក់ថា «ជាការពិតណាស់ ភារកិច្ចអាទិភាពគឺដើម្បីលុបបំបាត់លទ្ធភាពនៃ ការបាញ់ផ្លោង។ ប៉ុន្តែនេះគឺជាការទទួលបន្ទុក របស់យោធា»

លោក ពូទីន បានបន្ថែមថា «ប្រជាជនកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ហើយការជួសជុល និង ផ្តល់សំណងគឺជារឿងចាំបាច់។ មនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជា មួយសាច់ញាតិ ឬទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ប្រឈមមុខនឹងការរំខានក្នុងការផ្គត់ផ្គង់ទឹក កំដៅ និងអគ្គិសនី»