(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អភិបាលរាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារកទីតាំងរៀបចំកន្លែងអន្តេវាសិកថ្មីបន្ថែមទៀត សម្រាប់ផ្តល់ឱ្យសិស្សដែលមានជីវភាពក្រីក្រ ជាពិសេសសិស្សជាស្រ្តី មកពីតាមបណ្តាខេត្តអាចមក ស្នាក់នៅដើម្បីបន្តការសិក្សាបំពេញបន្ថែមនូវចំណេះដឹងរបស់ខ្លួន រួមទាំងនិស្សិតបរទេសមកសិក្សា នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានស្នើដូចនេះនៅព្រឹកទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាឱកាសដែល សម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសុំស្នើឱ្យពិនិត្យមើលបន្ថែមទៀត, ឯកឧត្តម ឃួង ស្រេង យើងអាចពិនិត្យមើលតើទីកន្លែងណា ខ្ញុំចង់បានបង្កើតអន្តេវាសិកមួយទៀត បើទោះបីវាអាច នៅឆ្ងាយបន្តិច ដូចជាយើងដាក់នៅមន្ទីពេទ្យដែលយើងនៅសល់កន្លែង ដើម្បីរៀបចំអន្តេវាសិកមួយ ទៀត ក្រៅពីអន្តេវាសិកដែលយើងកំពុងមាន ព្រោះបន្តិចទៀតយើងត្រូវទទួលនិស្សិតបរទេស ទៀត និងនិស្សិតនៅក្នុងប្រទេស ចឹងខ្ញុំសុំដាក់បញ្ហានឹងឱ្យសាលាក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពនៃការ ប្រើប្រើប្រាស់ដីធ្លីរបស់យើងមួយចំនួន ដើម្បីកសាងជាអន្តេវាសិក សម្រាប់សិស្សក្រីក្ររបស់យើងជា ពិសេសសិស្សស្ត្រី របស់យើងតែម្តង»។
សម្តេចតេជោ បានបន្ថែមថា យើងចង់បានអន្តេវាសិកបន្ថែម ដែលមានប្រមាណ ២០០ ទៅ៣០០ គ្រែបន្ថែមទៀត សម្រាប់សិស្សក្រីក្របានមកស្នាក់នៅដើម្បីបានទទួលនូវការសិក្សា ព្រោះបញ្ហាដែល កើតមានឥលូវនេះ គឺបញ្ហាខ្វះកន្លែងស្នាក់នៅរបស់និស្សិតក្រីក្រជាស្ត្រី ហើយចំណែកនិស្សិតជាបុរស អាចទៅរស់នៅតាមវត្តលោកបាន ប៉ុន្តែនិស្សិតជានារី គឺមិនអាចទៅនៅវត្តលោកបាននោះទេ ហើយ បើយាជី អាចទៅនៅបាន តែនិស្សិតជានារីក្មេងៗ មិនអាចទៅនៅបាននោះទេ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងអប់រំ និងផ្នែកកីឡា សហការគ្នាសិក្សានិងពិនិត្យមើលដីដែលស្ថិតនៅតំបន់ជាយក្រុង ជាប់នឹងពហុកីឡ ដ្ឋាន មករតកតេជោ ដើម្បីធ្វើការសាងសង់អន្តេវាសិក សម្រាប់ផ្តល់ឱ្យនិស្សិតដែលមានជីវភាពក្រីក្រ អាចមកស្នាក់នៅដើម្បីបន្តការសិក្សាបំពេញបន្ថែមនូវចំណេះដឹងរបស់ខ្លួនលើជំនាញដែលខ្លួនពេញចិត្ត ដើម្បីកសាងអនាគត់ឱ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំសិក្សាការសាងសង់អន្តេវាសិកនេះ នឹងរៀបចំធ្វើជារៀងរាល់ឆ្នាំបន្តិចម្តងៗ ដែលអាចមាន ១ឆ្នាំ ចន្លោះពី ១០០គ្រែ ទៅ៣០០គ្រែ និងបន្តបង្កើនថែមទៀត ដើម្បីជួយបង្កើនចំនួននិស្សិតក្រីក្រជាស្រ្តីបានស្នាក់នៅ ហើយក៏រាប់ទាំង និស្សិតបរទេសដែលត្រូវមកសិក្សានៅក្នុងប្រទេសកម្ពុជាផងដែរ៕