សម្តេចតេជោ ហ៊ុន សែន៖ ភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ ជាក់ស្តែងសម័យ ប៉ុល ពត ធ្វើឱ្យពលរដ្ឋ យុវជន និងកុមារបាត់បង់សិទ្ធិគ្រប់យ៉ាង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ភ្លើងសង្គ្រាម បានធ្វើឱ្យ យុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ ជាក់ស្តែងសង្គ្រាមក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ យុវជននាសម័យនោះ ពុំបានទទួលការអប់រំបានពេញលេញនោះទេ ហើយបន្ទាប់ពីខ្មែរក្រហម បានកាន់កាប់ប្រទេស នៅឆ្នាំ១៩៥ ដល់១៩៧៩ បានធ្វើឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ត្រូវបានបំផ្លាញទាំងស្រុងកុំថាឡើយសុទ្ធទទួលបានការអប់រំ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបាន អញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កក្តាសន្តិភាព គឺជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយមិនត្រូវមើលរំលងអំពីកត្តាសន្តភាពទេ ព្រោះការអប់រំក្តី ឬក៏ផ្នែកសិល្បៈក្តី ថ្ងៃណាក៏ដោយមិនអាចរស់នៅជាមួយសង្គ្រាមទេ គឺវាអាចរស់នៅតែជាមួយសន្តិភាពប៉ុណ្ណោះ»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេស លោកយាយ លោកតា និងឪពុក ម្តាយ ដែលមានអាយុច្រើន គឺសុទ្ធតែរស់នៅ និងឆ្លងកាត់នូវដំណាក់កាល ប្រទេសមានសង្គ្រាម។

«ដូច្នេះ យុវជនសម័យមុនបាត់បង់ឱកាសស្ទើរទាំងស្រុង ហើយសម័យ ប៉ុល ពត គឺបាត់បង់ទាំងស្រុង តែម្តង សម្រាប់យុវជននៅពេលនោះ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ការបាត់បង់ឱកាសវាធំធេង ក៏ប៉ន្តែ វានៅសល់ខ្លះនៅតាមទីប្រជុំជន ទីក្រុងដែលសាធារណរដ្ឋខ្មែរកាន់កាប់ គឺនៅបើកសាលានៅ ឡើយ ប៉ុន្តែ នៅតំបន់រំដោះត្រូវបានបិទសាលាអស់ទៅហើយ យុវជន និងកុមារបាត់បង់ឱកាសរៀន សូត្រ សូម្បីនៅទីក្រុងយុវជនក៏ត្រូវចាប់បង្ខំឱ្យធ្វើកងទ័ពចេញច្បាំង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា នៅក្រោមការដឹកនាំដោយរបប ប៉ុល ពត ប្រជាជនខ្មែរ រួមទាំងយុវជន កុមារ បានបាត់បង់ឱកាសការសិក្សា មិនតែប៉ុណ្ណោះ បានធ្វើឱ្យប្រជាជនខ្មែរបាន ស្លាប់ច្រើនណាស់ ដូច្នេះ សូមចៅៗដែលជាយុវជនជំនាន់ មិនបានឆ្លងកាត់ភ្លើងសង្គ្រាម សូមកុំជឿ តាមការភូតកហុកពីសំណាក់ជនអគតិមួយចំនួនមិនបោកប្រាស់ប្រវត្តិសាស្ត្រពិតពីកម្ពុជាឱ្យសោះ។ ចៅៗអាចសួរឪពុក ម្តាយ ជីដូន ជីតា របស់ចៅៗ ដែលពួកគាត់បានឆ្លងកាត់ និងចងចាំមិនភ្លេចទេ ចំពោះភាពវេទនានៅក្រោមរបបដឹកនាំរបស់ ប៉ុល ពត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះដានប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់របប ប៉ុល ពត គឺមិនអាចយកបាតដៃទៅបាំងពន្លឺព្រះអាទិត្យ បាននោះទេ។ ដូច្នេះ ភាពយុត្តិធម៌ បានកើតមានឡើងជូនប្រជាជនជាតិខ្មែរដែលបានស្លាប់យ៉ាង អយុត្តិធម៌ វេទនា និងខ្លោចផ្សារ ដោយមិនដឹកនាំរបប ប៉ុល ពត ត្រូវបានតុលាការកូនកាត់អង្គការ សហប្រជាជាតិ និងកម្ពុជា កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រោយឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា បានប្រឹងច្រើនណាស់ ដើម្បីស្តារឡើងវិញនូវវិស័យអប់រំនេះ ទោះបីយើងបានរៀនខ្លះ ប៉ុន្តែ លោកគ្រូ អ្នកគ្រូ កូនសិស្សបន្ត រងការគំរាមកំហែងដោយសារសង្គ្រាមនៅតាមតំបន់មួយចំនួន។ ប៉ុន្តែ បន្ទាប់ពីប្រទេសកម្ពុជា បាន បិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៉ីវិល ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជា បាន រំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង ដែលធ្វើឱ្យកម្ពុជា មានតែតំបន់ត្រួតត្រាតែមួយ មិន តែប៉ុណ្ណោះបច្ចប្បន្ននេះ តំបន់ដែលជាអតីតសមរភូមិ មានវិទ្យាល័យល្អៗ សម្រាប់ឱ្យសិស្សានុសិស្ស បានសិក្សារៀនសូត្រ។

នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានរម្លឹកឡើងថា៖ «គ្មានភាពជោគជ័យណាដែលសម្រេចបាននោះទេបើគ្មានសន្តិភាព»។ ទម្រាំរកបានសន្តិភាពដូចបច្ចុប្បន្ន រហូតធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដែលមានសាលា នៅគ្រប់ភូមិ ឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជាគឺជារឿងដ៏លំបាកនឹងវែងឆ្ងាយសម្រាប់ប្រទេសដ៏ តូចមួយនេះ៕