(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ក្នុងវេទិកាសម្រាប់សេរីភាពសាសនាអន្តរជាតិដែលរៀបចំឡើង នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃពុធសប្តាហ៍នេះ ប្រធានសភាតៃវ៉ាន់ លោក យូ ស៉ីគុន (You Si-kun) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារលទ្ធិប្រជាធិបតេយ្យរបស់កោះនេះ ប្រឈមមុខនឹង សម្ពាធពីសំណាក់ប្រទេសចិន។
លោក យូ បានគូសបញ្ជាក់ថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារតៃវ៉ាន់ ជាពិសេស លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ ប្រសិនបើតៃវ៉ាន់ធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន នោះសញ្ញានៃលទ្ធិប្រជាធិបតេយ្យនឹងត្រូវបំផ្លាញ»។ លោក យូ បានបន្ថែមថា «៥០% នៃការដឹក ជញ្ជូនទូទាំងពិភពលោកបានប្រើប្រាស់ច្រកសមុទ្រតៃវ៉ាន់ ហើយតៃវ៉ាន់ជាអ្នកផលិតបន្ទះឈីបដ៏ល្អ បំផុត ដូច្នេះប្រសិនបើតៃវ៉ាន់មិនអាចការពារខ្លួនឯងបាន នោះវានឹងមានគ្រោះថ្នាក់ខ្លាំងដល់ ពាណិជ្ជកម្មសកល ក៏ដូចជាសន្តិភាពពិភពលោក» ៕