ក្មេងប្រុស ៤៩នាក់ ស្លាប់ក្នុងហេតុការណ៍លិចទូក នៅប៉ាគីស្ថាន


 (អ៉ីស្លាម៉ាបាដ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប៉ូលិសប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្មេងៗចំនួន ៤៩នាក់បានលង់ទឹកស្លាប់ នៅពេលដែលទូកមួយគ្រឿងផ្ទុកមនុស្សលើសទម្ងន់ បានក្រឡាប់លិច នៅភាគពាយព្យ ប្រទេស បន្ទាប់ពីក្រុមអ្នកមុជទឹកចំណាយពេល ៣ថ្ងៃទើបអាចស្រង់សាកសពទាំង អស់ចេញពីទឹក។

ក្មេងប្រុសដែលមានអាយុចន្លោះពី ៧ ទៅ១៤ឆ្នាំសុទ្ធតែជាសិស្សនៃសាលាបឋមសិក្សាមួយ ហើយ ពួកគេត្រូវបាននាំទៅលេងកម្សាន្តនៅឯបឹងធម្មជាតិតាន់ដា ដាំ Tanda Dam កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ លោក ខទៀត អះម៉ាត់ (Khateer Ahmad) ជាមន្ត្រីជាន់ខ្ពស់នៃក្រុមសង្រ្គោះ Rescue 1122 បានបញ្ជាក់ថា ដោយសារទឹកនៅបាតបឹងមានសភាពត្រជាក់ បានរារាំងដល់ បេសកកម្មជួយសង្គ្រោះ។ ប៉ុន្តែថ្ងៃនេះ (ថ្ងៃអង្គារសប្ដាហ៍នេះ) ក្រុមសង្រ្គោះអាចមុជទឹកបានជ្រៅ ដើម្បីស្រង់សាកសពដែលនៅសេសសល់។ សាកសពគ្រូបង្រៀនម្នាក់ និងម្ចាស់ទូកក៏ត្រូវបាន ស្រង់ ចេញពីទឹកដែរ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៥១នាក់។

អ្នកនាំពាក្យប៉ូលិស លោក ហ្វាហ្សាល់ ណាអ៉ីម (Fazal Naeem) បានប្រាប់ AFP ថាទូកខាងលើ នេះផ្ទុកលើសទម្ងន់ ដោយវាអាចដាក់មនុស្សបានប្រហែល២០ ទៅ២៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែ លោក ណាអ៉ីម មិនទាន់មានការបញ្ជាក់លម្អិតថាមានមនុស្សប៉ុន្មាននាក់ស្ថិតនៅលើទូក នៅពេលសោក នាដកម្មនេះកើតឡើងនោះទេ ដោយគ្រាន់តែបន្ថែមថាមនុស្សចំនួន ៥នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានសិស្ស៤នាក់ និងគ្រូម្នាក់៕